ក្រុមហ៊ុនផលិតរថយន្ត VinFast បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន Gotion High-Tech ដើម្បីស្រាវជ្រាវនិងផលិតអាគុយរថយន្តអេឡិចត្រូនិក ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនដើម្បីក្លាយជាម៉ាកសញ្ញាអាគុយរបស់ពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅពីច័ន្ទដោយក្រុមហ៊ុនមេ Vingroup របស់ក្រុមហ៊ុន VinFast បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរមានគម្រោងសាងសង់រោងចក្រអាគុយលីចូមដែកផូស្វាត (LFP) ដំបូងគេនៅប្រទេសវៀតណាម។
ក្រុមហ៊ុន Vingroup បានឱ្យដឹងទៀតថា ក្រុមហ៊ុន Gotion គឺជាក្រុមហ៊ុនផលិតអាគុយ (LFP) លំដាប់កំពូលរបស់ចិន។ ក្រុមហ៊ុននេះមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន ៨ នៅទូទាំងពិភពលោក និងមានរោងចក្រផលិតចំនួន ១០ នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកកឺ Tesla ក៏បានប្រកាសកាលពីខែមុនថា ខ្លួននឹងធ្វើការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកអាគុយ (LFP) ដែរ។
លោកស្រី Thai Thi Thanh Hai ប្រធានក្រុមហ៊ុន Vingroup បានមានប្រសាសន៍ថា ភាពជាដៃគូនេះនឹងក្លាយជាគន្លឹះមួយដែល VinFast សម្រេចបាននូវស្វ័យភាពនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា VinFast បានព្យាយាមក្លាយជាម៉ាករថយន្តអេឡិចត្រូនិកលំដាប់ពិភពលោក ហើយគ្រោងនឹងចែកចាយរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


