ទោះជួបវិបត្តិកូវីដ តែ CP All Plc ក្រុមហ៊ុនដ៏ធំរបស់ប្រទេសថៃនៅតែប្ដេជ្ញាបើកហាង 7-Eleven ថ្មី ៧០០សាខាទៀតនៅឆ្នាំនេះ
អាជីវកម្ម August 21, 2021 Khmernote

CP All Plc ដែលជាប្រតិបត្តិករហាងងាយស្រួល 7-Eleven នៅតែប្តេជ្ញាបើកហាងថ្មីប្រហែល ៧០០សាខាទៀតនៅឆ្នាំនេះ ជាមួយនឹងការចំណាយដើមទុន ១១.៥ -១២ ពាន់លានបាត បើទោះបីជាមានផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់នៃការរឹតត្បិតជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្នុងចំណោមការចំណាយសរុប ការពង្រីកហាងត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយប្រហែល ៣.៨ -៤ ពាន់លានបាត ខណៈការជួសជុលហាងដែលមានស្រាប់មានចំនួន ២.៤-២.៥ ពាន់លានបាត។

គួរឱ្យដឹងផងដែរថា CP All ប្រតិបត្តិការហាងចំនួន ១២,៧៤៣កន្លែង ហើយនៅឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបើកហាងងាយស្រួលថ្មីចំនួន ៣១១សាខា បើប្រៀបធៀបទៅនឹងហាងថ្មីចំនួន ៣៧៧សាខា នៅក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ ហាងថ្មីភាគច្រើនត្រូវបានបើកនៅក្នុងតំបន់ជាយក្រុង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់ទាំងនោះមិនសូវធ្ងន់ធ្ងរដូចនៅទីក្រុងបាងកក។ ជាមួយគ្នានេះ ក្រុមហ៊ុនមានគម្រោងបន្តពង្រីកសេវាកម្មដឹកជញ្ជូនដែលបច្ចុប្បន្នមានចំនួន ១០% នៃការលក់សរុប៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost