ប្រជាកសិករដាំផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំង បានចែករំលែកបទពិសោធន៍ការបណ្ដុះផ្សិតឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដទៃទៀត ខណៈដំណាំនេះមិនសូវជាមានអ្នកដាំដុះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
លោក ម៉ានិត ប្រជាកសិករដាំ ផ្សិតត្រចៀកកណ្ដុរ រស់នៅក្នុងភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណំាផ្សិតត្រចៀកកណ្ដុរ នៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់កន្លែងតែម្តង។
លោកបន្ថែមថា ផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំងនេះ វាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយមនុស្ស ពីព្រោះផ្សិតត្រចៀកកណ្ដុរ បានជួយកាត់បន្ថយហានិភ័យសសៃឈាមបេះដូង សម្អាតចរន្តឈាម សម្រួលដល់ការព្យាបាលជំងឺដាច់សសៃឈាមខួរក្បាល ព្យាបាលការរលាកក្រហាយនៅក្នុងច្រមុះ កាត់បន្ថយជាតិ ពុល បង្ការភាពស្លេកស្លាំង ជួយកាត់បន្ថយភាពតានតឹង និងជួយថែរក្សាដល់សុខភាពស្បែក សក់ ភ្នែក ថ្លើមឲ្យមានសុខភាពល្អ។
លោកបានបញ្ជាក់ទៀតថា សម្រាប់បច្ចេកទេសក្នុងការបណ្ដុះជាដំបូងយើងត្រូវលាយល្បាយជាមួយអាចម៌រណារ កន្ទក់ កំបោរស ម្សៅដំណើប ឬកាកស្ករ និងបន្ថែមអាហារបំប៉នផ្សិត ដើម្បីឲ្យផ្សិតមានសុខភាពល្អ និងមានអាយុវែង បន្ទាប់មកយកល្បាយទាំង អស់ មកលាយបញ្ចូលគ្នាជា មួយទឹក ច្រកចូលថង់ រួចដាក់អង្ករពីលើ ទើបយកទៅចំហុយ៤ម៉ោង បន្ទាប់មកទុក ឲ្យវាត្រជាក់រយៈពេលមួយយប់ ទើបយកមកលាយជា មួយមេ ហើយយើងអាចប្រមូលផលបានក្រោយពីការដាំរយៈពេលពី៣ទៅ៥ខែ ហើយក្នុងមួយថង់អាចប្រមូលផលបានពី២ខាំទៅ៥ខាំ និងវាចាប់ផ្ដើមដុះវិលជុំម្ដងទៀត ពីចន្លោះ១សប្ដាហ៍ទៅ១០ថ្ងៃ។
លោកបានបន្ថែមថា មូល ហេតុដែលលោកចាប់យករបរ បណ្ដុះផ្សិតត្រចៀកកណ្ដុរនេះ ដោយសារតែលោកស្រលាញ់ និងយល់ឃើញថានៅក្នុងស្រុកយើង មិនទាន់មានអ្នកបណ្ដុះផ្សិតត្រចៀកកណ្ដុរស្រស់នៅឡើយទេ ជាពិសេសលោកចង់ឲ្យប្រជាពលរដ្ឋក្នុងប្រទេស បានទទួលទានបន្លែដែលមានគុណភាពល្អ។
ខ្ញុំមើលឃើញស្រុក ខ្មែរយើងដូចអត់ទាន់ឃើញមានកសិដ្ឋានណា ឬ ពលរដ្ឋណាដែលគាត់បណ្ដុះផ្សិតនឹង គឺអត់ទាន់ឃើញមានអ្នកបណ្ដុះផ្សិតនឹងទេ បានជាខ្ញុំចាប់ផ្ដើមសិក្សាស្រាវជ្រាវ បណ្ដុះទៅលើពូជផ្សិតត្រចៀកកណ្តុរនឹង ហើយមានទៀតបើយើងប្រៀបធៀបទៅលើរស ជាតិផ្សិតត្រចៀកកណ្ដុរ គឺស្រស់ហើយនឹងក្រៀមគឺវាខុសគ្នា បើយើងមានស្រស់ គឺវាឆ្ងាញ់ជាង បើយើងប្រៀបធៀបលើរសជាតិ ទីពីរពាក់ ព័ន្ធនឹងការវ៉ៃចូលទីផ្សារខាងក្រៅ បើយើងសិក្សាពីបច្ចេកទេសនិងឲ្យលម្អិតខ្លាំង មានធនធានគ្រប់គ្រាន់ គឺយើងអាចជ្រៀតចូលទីផ្សារក្នុងស្រុកបាន ដោយយើងធ្វើការវេចខ្ចប់ និងផលិតឲ្យបានច្រើន។
លោកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឲ្យជួយគាំទ្រផលិតផល ដែលជាស្នាដៃរបស់កសិករខ្មែរ ហើយសូមកុំយល់ច្រលំថា ជារបស់នាំចូល ព្រោះបច្ចុប្បន្ននេះ កសិករយើងក៏មានការយល់ដឹង ពីរបៀបដាំដុះ ឲ្យត្រូវតាមស្ដង់ដារបច្ចេកទេសដែរ។ សូមបញ្ជាក់ថា លោកបានចាប់យកការបណ្ដុះផ្សិតត្រចៀកកណ្ដុរនេះ អស់រយៈពេលជិត ១ឆ្នាំមកហើយ ដែលមានពីរប្រភេទគឺផ្សិតត្រចៀកកណ្ដុរពណ៌ខ្មៅ និងផ្សិតត្រចៀកកណ្ដុរពណ៌ស ដែលលក់ក្នុងតម្លៃ បោះដុំ ១គីឡូក្រាម ៨០០០រៀល និងលក់រាយ១០០០០រៀល៕



ប្រភព៖ ក្រសួងព័ត៌មាន


