គួរឱ្យសរសើរ! ផ្តើមចេញពីមុខរបរស៊ីឈ្នួលដាំត្រសក់ឱ្យគេ ឃើញគេដាំបានទិន្នផលខ្ពស់ សម្រេចចិត្តដាំខ្លួនឯងមានអីជោគជ័យបានផលគាប់ប្រសើរ លក់ទៅកាន់ទីផ្សារ
អាជីវកម្ម August 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងខេត្តឧត្តរមានជ័យ ទើបបញ្ចប់ការងារប្រមូលផល ដំណាំត្រសក់ផ្អែម លក់ទៅកាន់ទីផ្សារដោយបានផលគាប់ប្រសើរ និងមានតម្លៃសមរម្យ។ ផ្តើមចេញពីមុខរបរស៊ីឈ្នួលដាំត្រសក់ឱ្យគេ ទទួលបានទិន្នផលខ្ពស់ ក៏សម្រេចចិត្ត ងាកមកចាប់ផ្តើមការងារដាំដុះដោយខ្លួនឯងផ្ទាល់ លោកសង សុភ័ក្រ អាយុ៣៥ឆ្នាំ ជាកសិករមួយរូប រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកចាប់យក មុខរបរដាំដំណាំត្រសក់ផ្អែមលក់ រយៈពេលជាង៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានដាំត្រសក់ផ្អែមវិលជុំ និងទើបបញ្ចប់ការងារប្រមូលផលត្រសក់នេះបានចំនួន២ថ្ងៃប៉ុណ្ណោះ។

លោកបន្តថា ត្រសក់ផ្អែមដែលបានដាំនេះ មានទំហំផ្ទៃដីកន្លះហិកតា ប្រមូលផលមកវិញបានជិត៥តោន អាចលក់ចេញបានតម្លៃ៣០០០ រៀលក្នុងមួយគីឡូក្រាម និងមិនមានបញ្ហាប្រឈមរឿងលក់ចេញឡើយ ព្រោះថាលោកសម្រេចចិត្តជ្រើសរើសការដាំលក្ខណៈជាបណ្តុំ បែង ចែកវេនគ្នាដាំ មានភាពងាយ ស្រួលលក់ចេញ ដោយមានសមាគមជាអ្នកប្រមូលទិញ ហើយក៏មានការបង្រៀនពីបច្ចេកទេសដាំដុះ ដោយមន្ត្រីជំនាញផ្នែកកសិកម្ម។

លោកបន្តទៀតថា ត្រសក់ ផ្អែមមានអាយុចន្លោះ៥៨ថ្ងៃទៅ៧៥ថ្ងៃ អាចប្រមូលផលបាន និងជាដំណាំមួយប្រភេទ ដែលរើសប្រភេទដីដាំណាស់ ជាពិសេសនៅរដូវភ្លៀង ពិបាកក្នុងថែទាំ ដូច្នេះកសិករត្រូវចេះជ្រើសរើសការដាំបែបលក្ខណៈទំនើប តាមប្រព័ន្ធដំណក់ទឹក ដែលមានភាពងាយស្រួលថែទាំ ជាងការដាំបែបបុរាណ។

សំឡេង៖ «ទើបប្រមូលអស់ ធ្លាប់ទៅស៊ីឈ្នួលគេឃើញគេដាំបាន ចេះតែដាំតាមគេ ក៏ដាំមកដល់សព្វថ្ងៃ ដាំម្តងកន្លះហិកតា បើអត់សូវកើតអីបានតែ ៤ទៅ ៥តោនទេ បើសិនជាវាល្អកើតទាំងអស់បានដល់ ៧តោន មានពូជពណ៌លឿង ពណ៌ស និងសំណាញ់ពណ៌ខៀវ ឥឡូវអត់អីទេធម្មតាបោះឱ្យសមាគមមួយគីឡូ ៣ពាន់រៀល គេដាក់វេនឱ្យសមាគម បើយើងមានបញ្ហាអីគេចុះមកបង្រៀន មកប្រាប់ថ្នាំឱ្យយើងបាញ់ យើងដាំឯកជនពិបាករឿងដាក់វេនគ្នា អត់ដឹងថាអ្នក ណាដាំថ្ងៃណា ដាំជាន់គ្នាពិបាកលក់ យើងដាំឱ្យសមាគមដឹងថ្ងៃគ្នា ដាំអត់ឱ្យជាន់គ្នា ដាំម្តងម្នាក់ មួយសប្តាហ៍ម្នាក់ បើសុខភាពវាល្អ តែ៥៨ថ្ងៃទេប្រមូលផល តែបើអត់សូវល្អទេវាឡើងដល់២ខែ ៥ថ្ងៃឬលើសនោះ »។

សូមជម្រាបផងដែរថា ត្រសក់ផ្អែមឬមីឡុន ជាប្រភេទដំណាំថ្មីមួយ ដែលមានវត្តមាននៅកម្ពុជា រវាងឆ្នាំ២០០៥។ គេបានស្គាល់ត្រសក់ផ្អែម តាមរយៈរសជាតិដ៏ផ្អែមឆ្ងាញ់ពិសា របស់ដំណាំមួយនេះ ហើយក៏ទទួលបាន ការនិយមដាំដុះ ដើម្បីលក់បំពេញតម្រូវការទីផ្សារដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន