ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផល មៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងកសិកម្ម សូមអំពាវនាវដល់អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេស វៀតណាម។
ការណែនាំឱ្យអ្នកនាំចេញអនុវត្តដូច្នេះ ដោយសារ បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ បានធ្វើឱ្យប្រទេសថៃបិទ មិនឱ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់ កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន និងប្រទេសថៃ រួចហើយ។
ប្រភពបានបន្តថា សម្រាប់ការចរចាជាមួយប្រទេសថៃ អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបច្ចេកទេស បានផ្ញើលិខិតចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្នើសុំបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសថៃ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ការចរចាមិនទាន់ សម្រេចបានលទ្ធផលឯកភាពគ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀនទៅក្នុងប្រទេសថៃនៅឡើយទេ ហើយភាគីថៃក៏ពុំទាន់បានឆ្លើយតបជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបានទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។
រីឯការចរចាជាមួយប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មបានផ្ញើលិខិតចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវឯកសារ បច្ចេកទេស សម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា ក៏បានអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពន្លឿនការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនដែរ ប៉ុន្តែការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នានៅឡើយ ដោយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងធ្វើការវិភាគហានិភ័យសមាសភាពចង្រៃស្របតាមវិធានបច្ចេកទេស និង បទដ្ឋានគតិយុត្តរបស់ប្រទេសចិនដែលរហូតមកដល់ពេលនេះ ពុំទាន់បានទទួលការឆ្លើយតបជាផ្លូវការពាក់ព័ន្ធនឹងការងារបច្ចេកទេស នៅឡើយទេ។
ក្រសួងកសិកម្មបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិនមកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុក ជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមចំណែកក្នុងស្មារតីជួយលើកកម្ពស់ ផលិតភាព និងមោទនភាពផលិតផលកសិកម្មជាតិយើងជាក់ជាមិនខាន៕


ប្រភព៖ ក្រសួងព័ត៌មាន


