ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមានចាត់វិធានការ ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត ដែលលក់និងចែកចាយស៊ីម ដោយមិនយកអត្តសញ្ញាណពីអ្នកប្រើប្រាស់ ដែលផ្ទុយពីសារាចរ និងសេចក្តីណែនាំរបស់ក្រសួង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្តែងជាបន្តបន្ទាប់ថា មានក្រុមហ៊ុន វៀតធេល(ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឱ្យឃើញនូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួងលេខ ០០១ សរ.៨ម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និងសេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។
ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងសូមព្រមានចាត់វិធានការលើ. ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើខុសច្បាប់ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះ មានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។ ប្រសិនបើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចាត់វិធានការដូចជា ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត បង្កករាល់ការ ស្នើសុំនានារបស់ប្រតិបត្តិករ ចាត់វិធានការផ្សេងទៀតស្របតាម មាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ និង រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណាដែលបានប្រព្រឹត្តខុសច្បាប់៕

ប្រភព៖ ក្រសួងព័ត៌មាន


