ក្រុមហ៊ុនជប៉ុនជាច្រើននៅតែបន្តក្ស័យធន ដោយសារតែជំងឺរាតត្បាតមិនបង្ហាញពីសញ្ញាធូរស្បើយ ហើយបើតាមការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុនជាង ១៨០០ បានឈប់ធ្វើអាជីវកម្មជារៀងរហូតតែម្ដង។ ក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Teikoku Databank បាននិយាយថា វីរុសកូវីដ-១៩ បានឆក់យកសាជីវកម្មចំនួន ១,៨៦០ក្រុមហ៊ុន ដោយការស្ទង់មតិនេះបានធ្វើឡើងក្នុងរយៈពេលចាប់ពីខែកុម្ភៈឆ្នាំមុនរហូតដល់ ដើមខែសីហា ឆ្នាំ២០២១នេះ។
អាជីវកម្មទាំងនោះត្រូវបានបិទទ្វារ បន្ទាប់ពីដាក់ពាក្យសុំក្ស័យធន ឬ រៀបចំឯកសារដើម្បីបញ្ឈប់ដំណើរការ។ ក្នុងនោះ ភោជនីយដ្ឋានបានរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអាជីវកម្មជាង ៣០០ កំពុងដំណើរការដាក់ពាក្យសុំក្ស័យធន។ ជាមួយគ្នានេះមានជាង ១៨០អាជីវកម្ម នៅក្នុងវិស័យសំណង់ និងប្រហែល ១០០ នៅក្នុងឧស្សាហកម្មសណ្ឋាគារ និងជិត ១០០ ក្នុងចំណោមអ្នកលក់ដុំចំណីអាហារ។
ក្រុមអ្នកវិភាគនៅធនាគារ Teikoku Databank និយាយថា នៅពេលប្រតិបត្តិករភោជនីយដ្ឋានបិទទ្វារ នឹងជះឥទ្ធិពលយ៉ាងខ្លាំងលើក្រុមហ៊ុនដែលគ្រប់គ្រងការសាងសង់ និងជួសជុល។ ក្រុមអ្នកវិភាគក៏បានបន្ថែមថា អាចមានការក្ស័យធនជាច្រើនទៀតដែលនឹងកើតឡើង នៅពេលដែលរដ្ឋាភិបាលបានពង្រីកស្ថានភាពគ្រាអាសន្ន នាពេលបច្ចុប្បន្នរហូតដល់រដូវវិស្សមកាលរដូវក្តៅ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


