ទៅមុខលែងរួច ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ ដង្ហើយស្វែងរកប្រាក់កម្ចីពីរដ្ឋាភិបាលចំនួន ៥ពាន់លានបាត
អាជីវកម្ម July 29, 2021 Khmernote

សមាគមន៍អាកាសចរណ៍ថៃ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមកំពុងស្វែងរកប្រាក់កម្ចីការប្រាក់ទាបចំនួន ៥ ពាន់លាន បាត (ប្រមាណ ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល ដើម្បីជួយទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមដែលកំពុងស្វែងរកប្រាក់កម្ចីនេះរួមមាន៖ Bangkok Airways, Thai AirAsia, Thai AirAsia X, Thai VietJet, Thai LionAir, Nok Air Plc, និង Thai Smile ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways។

លោក Puttipong Prasarttong-Osoth ប្រធានសមាគមអាកាសចរណ៍ថៃបានប្រាប់អ្នកយកព័ត៌មានថា៖ « យើងបានកាត់បន្ថយការស្នើសុំពីឆ្នាំមុន ហើយប្រាក់ចំនួន ៥ ពាន់លានបាតនេះនឹងប្រើសម្រាប់តែការបើកប្រាក់ខែដល់បុគ្គលិកប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលថ្លៃជួល ប្រេងឥន្ធនៈយន្តហោះ និងការចំណាយផ្សេងទៀតឡើយ »។

គួររម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ៧ បានស្នើសុំប្រាក់កម្ចីទន់ចំនួន ២៥.៣ ពាន់លានបាតកាលពីមុន ប៉ុន្តែមិនបានទទួលការគាំទ្រពីរដ្ឋាភិបាលឡើយ ហើយសំណើចុងក្រោយនេះ គឺប្រហែលមួយភាគប្រាំនៃចំនួនទឹកប្រាក់ដែលក្រុមនេះបានស្វែងរកកាលពីមុនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា រាល់សំណើជួយសង្គ្រោះក្នុងវិបត្តិជំងឺរាតត្បាតលើអាជីវកម្មណាមួយនៅក្នុងប្រទេសថៃ នឹងត្រូវបានពិចារណានិងវាយតម្លៃតាមលទ្ធភាពដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរ និងវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ បានដួលរលំដោយសារជំងឺរាតត្បាត ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលកំពុងដំណើរការស្តារអាជីវកម្មឡើងវិញ និងក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក NokScoot ដែលបានឈានដល់ការទូទាត់ប្រាក់កាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ ជើងហោះហើរពាណិជ្ជកម្មទៅនិងមកពីប្រទេសថៃ ត្រូវបានហាមឃាត់ចាប់តាំងពីឆ្នាំមុន ដែលនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផ្តោតលើការធ្វើដំណើរក្នុងស្រុកដើម្បីដោះស្រាយការខាតបង់។ មិនតែប៉ុណ្ណោះដោយសារករណីឆ្លងកូវីដនៃរលកបានកើនឡើង អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានបញ្ជាឱ្យហាមឃាត់ការហោះហើរក្នុងស្រុកទៅនិងមកពីទីក្រុងបាងកកនិងខេត្តតំបន់ក្រហមក្រម៉ៅផ្សេងទៀតកាលពីពេលថ្មីៗនេះ។ ហើយបើតាមសមាគមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចំនួន ១៧០ គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៧ ត្រូវបានបញ្ឈប់ ហើយជារួមពួកគេបានចំណាយប្រាក់ដើម្បីទូទាត់ឱ្យបុគ្គលិកប្រហែល ៩០០ លានបាតក្នុងមួយខែ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost