យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនឈ្មោះថា Be បានផ្អាកសេវាកម្មដឺកជញ្ជូនទាំងអស់លើកលែងតែក្រុមហ៊ុនដឹកជញ្ជូន Grab និងមួយចំនួនទៀតដែលត្រូវនៅបម្រើសេវាកម្មដដែល តែត្រូវកំណត់ម៉ោងធ្វើការ។ ការផ្អាកនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃអង្គារ ទី២៧ កក្កដា ម្សិលមិញនេះនៅក្នុងក្រុងហាណូយ និងហូជីមិញ ខណៈពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩ រាតត្បាតកាន់តែអាក្រក់ទៅៗ។
សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនមួយនេះនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងត្រូវបញ្ឈប់រហូតដល់ថ្ងៃទី១ ខែសីហា ឬ រហូតដល់មានការជូនដំណឹងបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុនពិចារណាលើជម្រើសដែលអាចធ្វើទៅបាន និងទទួលយកដោយការប្រុងប្រយ័ត្នបំផុត។ អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា៖ «យើងយល់ថាការបញ្ឈប់សេវាកម្មដឹកជញ្ជូនក្នុងកំឡុងពេលនេះ អាចបង្កឱ្យមានភាពលំបាកដល់អតិថិជន និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើកបរ ក៏ដូចជាប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ប៉ុន្តែយើងជឿជាក់ថាការសម្រេចចិត្តនេះនឹងជួយរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងធានានូវសុខុមាលភាពរបស់អតិថិជន អ្នកបើកបរ និងសហគមន៍របស់យើង »។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Grab នៅតែបន្តប្រតិបត្តិសេវាកម្មដឹកជញ្ជូននៅហូជីមិញ ប៉ុន្តែមានរយៈពេលកំណត់ចាប់ពីម៉ោង ៦ ព្រឹកដល់ ៥ ល្ងាច។ ជាមួយគ្នានេះក៏នៅមានសេវាកម្មផ្សេងទៀតដូចជា GoSend ដោយ Gojek, NowFresh ដោយ Now និង NowShip ដែលនឹងដំណើរការក្នុងពេលដូចគ្នា៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


