ផ្សារទំនើបទាំងអស់ នៅទីក្រុងហូជីមិញ នឹងបិទដំណើរការនៅម៉ោង ៥ ល្ងាច ដោយបានចាប់ផ្តើមពីថ្ងៃច័ន្ទ ម្សិលមិញនេះ ដើម្បីអនុវត្តតាមការផ្អាកសកម្មភាពពេលយប់នៅទីក្រុង ក្នុងការប្រយុទ្ធនឹងវីរុសលូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បណ្តាញលក់រាយដូចជា VinMart និង CoopMart នឹងដំណើរការចាប់ពីម៉ោង ៧ ព្រឹកដល់ ៥ ល្ងាច ជំនួសឱ្យការដំណើរការរហូតដល់ម៉ោង ១០យប់។
ជាមួយគ្នានេះដែរ ផ្សារទំនើប Big C នឹងបើកដំណើរលឿនជាមុនមួយម៉ោងកន្លះ ពោលគឺបើកនៅម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ស្របពេលដែល Aeon Malls និងផ្សារទំបនើប Mega ក៏អនុវត្តដូចគ្នាដែរ។ គួរឱ្យដឹងថា ខ្សែសង្វាក់លក់រាយបានកើនឡើងទ្វេដង ឬ បីដងនៃការផ្គត់ផ្គង់របស់ពួកគេដើម្បីបំពេញតំរូវការងតិថិជនដែលកំពុងកើនឡើង។
គួរបញ្ជាក់ផងដែរថា ទីក្រុងហូជីមិញ បានហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេចាប់ពីម៉ោង ៦ល្ងាច ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទម្សិលមិញនេះ លើកលែងតែមានករណីបន្ទាន់ណាមួយ។ នេះគឺជាការខិតខំចុងក្រោយដើម្បីទប់ស្កាត់ការរីករាលដាលរលកទី ៤ នៃកូវីដ-១៩ ដែលក្នុងនោះករណីជាង ៦២,១០០ ត្រូវបានកត់ត្រានៅក្នុងទីក្រុងក្នុងចំណោម ៩៧,៤០០ នៅទូទាំងប្រទេស៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


