ក្រុមហ៊ុន Toyota ផ្អាករោងចក្រទាំងអស់របស់ខ្លួននៅក្នុងប្រទេសថៃ ដោយសារតែបញ្ហាមួយនេះ
អាជីវកម្ម July 24, 2021 Khmernote

ទីភ្នាក់ងារសារព័ត៌មាន kyodo កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ​ បានរាយការណ៍ថា ក្រុមហ៊ុន Toyota Motor Corp របស់ជប៉ុនបានផ្អាកប្រតិបត្តិការនៅឯរោងចក្រទាំង ៣ របស់ខ្លួននៅក្នុងប្រទេសថៃ។ ការផ្អាកនេះគឺរហូតដល់ថ្ងៃទី ២៨ ខែកក្កដា ដោយសារកង្វះខាតគ្រឿងបន្លាស់ ខណៈពេលដែលការផ្ទុះវីរុសកូវីដ-១៩ ជាថ្មីម្ដងទៀតនេះ បានបង្ខំឲ្យរោងចក្រគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសនេះត្រូវបិទទ្វារ។

ក្រុមបុគ្គលិកជាន់ខ្ពស់បាននិយាយថា ក្រុមហ៊ុន Toyota មិនទាន់សម្រេចចិត្តថាតើប្រតិបត្តិការនៅរោងចក្រទាំង ៣ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ២៩ ខែកក្កដាឬអត់នោះទេ។ ក្រុមហ៊ុននឹងគិតពីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់ នៅពេលដែលកំណត់ថា តើត្រូវបន្តប្រតិបត្តិការ ឬ បន្តពន្យារការផ្អាកថែមទៀត។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តក៏បានប្រកាសផងដែរថា ខ្លួននឹងផ្អាកការផលិតផ្នែកខ្លះនៃរោងចក្ររបស់ខ្លួននៅភាគកណ្តាលប្រទេសជប៉ុន សរុបចំនួន ៥ ថ្ងៃនៅចុងខែកក្កដា និងដើមខែសីហា ដោយសារតែកង្វះខាតផ្នែកខ្លះ ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍។

គួរឱ្យដឹងថា រោងចក្រ Toyota ទាំង ៣ នៅប្រទេសថៃមានទីតាំងនៅជាយក្រុងបាងកក និងមានសមត្ថភាពផលិតរថយន្តរួមគ្នាចំនួន ៧៦ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ រោងចក្រទាំងនេះបម្រើជាមូលដ្ឋានផលិតកម្មសំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះនៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ អាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុនដទៃទៀត ដែលមានខ្សែសង្វាក់ផលិតកម្មក្នុងស្រុក ឬ នាំចូលគ្រឿងបន្លាស់រថយន្តពីក្នុងតំបន់៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews