កសិករនៅឃុំ Soc Trang និង Can Tho នៃប្រទេសវៀតណាមបានបង្ខំចិត្តចាក់ទឹកដោះគោចោលរាប់ពាន់លីត្រ អស់រយៈពេលជាច្រើនថ្ងៃ ដោយសារការរឹតត្បិតនៃការរាតត្បាតជំងឺកូវីដ-១៩ បានរារាំងការដឹកជញ្ជូនដល់អ្នកទិញនៅក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress។
ក្រុមគ្រួសាររបស់កសិករ Danh Song ដែលស្ថិតនៅ My Xuyen ខេត្ត Soc Trang បាននិងកំពុងចាក់ទឹកដោះគោចោលចំនួន ៤០ លីត្រក្នុងមួយថ្ងៃ ក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ។ គ្រួសារនេះ ចិញ្ចឹមគោចំនួន ១០ ក្បាល ហើយលក់ទឹកដោះគោ ឲ្យអ្នកចែកចាយ មានឈ្មោះថា Evergrowth ក្នុងតម្លៃ ១២,០០០ ដុង (៥២ សេន) ក្នុងមួយលីត្រ។
ប៉ុន្តែចាប់តាំងពីថ្ងៃទី ១៩ ខែកក្កដា មក នៅពេលដែលវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមត្រូវបានដាក់នៅតាមតំបន់ភាគខាងត្បូងរថយន្តដឹកទំនិញមិនអាចឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យវីរុស កូវីដ-១៩ និងចូលទៅដល់តំបន់របស់គ្រួសារចិញ្ចឹមគោយកទឹកដោះនេះទេ។ កសិករដែលមានអាយុ ៤៦ ឆ្នាំរូបនេះបាននិយាយថា៖ « យើងមិនអាចដឹកជញ្ជូនទឹកដោះគោទៅណាបានទេ ដោយសារតែមានការរឹតត្បិត ហើយដំណោះស្រាយតែមួយគត់ គឺត្រូវចាក់ចោល ៤០ លីត្រជារៀងរាល់ថ្ងៃ។ ការចាក់ទឹកដោះគោចោលនេះ មានន័យថា កសិករនេះបាត់បង់ប្រាក់ចំណូលចំនួន ៤៨០,០០០ ដុងក្នុងមួយថ្ងៃ ខណៈដែលការចំណាយប្រចាំថ្ងៃរបស់គាត់លើការចិញ្ចឹមគោគឺមានចំនួន ៣៣០,០០០ ដុង។
មិនតែប៉ុណ្ណោះ ស្ថានភាពស្រដៀងគ្នានេះ ក៏កំពុងកើតឡើងក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុង Can Tho ដែលជាកន្លែងកសិដ្ឋានរបស់ក្រុមហ៊ុន Food Farm Co. , Ltd ដែលចិញ្ចឹមគោរហូតដល់ទៅចំនួន ៥០០ ក្បាល។ លោក Vo Kim Cuong នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា គោផលិតទឹកដោះគោជាង ១៥០០ លីត្រក្នុងមួយថ្ងៃ ដែលមានតម្លៃប្រហែល ៧៥លានដុង ហើយភាគច្រើនវាត្រូវបានលក់ទៅទីក្រុងហូជីមិញ។ ប៉ុន្ដែប៉ុស្តិ៍ត្រួតពិនិត្យវីរុសកូវីដ-១៩ បានធ្វើឱ្យការដឹកជញ្ជូនទៅកាន់ទីក្រុងមានការលំបាក ខណៈដែលតម្រូវការបានធ្លាក់ចុះពាក់កណ្តាល។ លោកបានបន្ថែមថា ក្រុមហ៊ុនបាននិងកំពុងចាក់ទឹកដោះគោចោលរាប់ពាន់លីត្រចាប់តាំងពីដើមខែនេះមក។
គួរបញ្ជាក់ផងដែរថា កសិករដែលរងគ្រោះភាគច្រើនមានទីតាំងស្ថិតនៅឆ្ងាយពីផ្លូវជាតិ ដូច្នេះហើយរថយន្តដឹកទំនិញ ៣.៥ តោនមិនអាចចូលទៅដល់បានទេ។ លើសពីនេះ ការដឹកជញ្ជូនទំនិញទៅកាន់ក្រុងហូជីមិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបង្កការឈឺក្បាលចំពោះអ្នកផ្គត់ផ្គង់ជាច្រើន ព្រោះទីក្រុងនិងតំបន់ភាគខាងត្បូងដទៃទៀត តម្រូវឱ្យអ្នកបើកបរធ្វើតេស្ត និងទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


