កសិករខេត្តត្បូងឃ្មុំ ដាំឪឡឹកសម្បកពណ៌មាសជាលើកដំបូង ទទួលបានជោគជ័យខ្ពស់ទាំងបរិមាណ គុណភាព ​និងតម្រូវការទីផ្សារ
អាជីវកម្ម July 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តត្បូងឃ្មុំបានទទួលជោគជ័យលើការដាំសាកល្បងផ្លែឪឡឹក សម្បក ពណ៌មាស ខណ:ដែលផ្លែវាមានរូបរាងប្លែក រសជាតិផ្អែមឆ្ងាញ់ខុសពីឪឡឹកធម្មតា។ លោក ប៊ូ ម៉ាន ជាកសិករនៅភូមិត្រពាំងទន្សោង ឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកបាននាំយកគ្រាប់ពូជឪឡឹកសម្បកពណ៌មាសនេះពីប្រទេសជិតខាង ហើយបច្ចុប្បន្ននេះលោកបានដាំសាកល្បងជាលើកដំបូង លើផ្ទៃដីជាង ២ហិកតាមាន រយៈពេលជាង ២ខែមកហើយ។ ការដាំជាលើកដំបូងមែនតែទទួលជោគជ័យខ្ពស់ទាំងបរិមាណនិងគុណភាព ពិសេសមានតម្រូវការទីផ្សារច្រើនផងដែរ។

លោកបន្តថា ឪឡឹកប្រភេទនេះមានសម្បកពណ៌មាស ដែលមានភាពទាក់ទាញ រសជាតិផ្អែមស្រួយឆ្ងាញ់ពិសា មានគ្រាប់តិច មានក្លិនក្រអូបឈ្ងុយ ពិសេសលោកដាំជាលក្ខណៈសរីរាង្គដែលជួយទ្រទ្រង់ដល់សុខភាពអ្នកបរិភោគ។ លោកបន្តថា ផ្លែឪឡឹកសម្បកពណ៌មាសនេះ មានតម្លៃ ១គីឡូក្រាម៥០០០រៀល។

“ឪឡឹកពណ៌មាសនេះខុសប្លែកពីឪឡឹកទូទៅដោយពណ៌របស់វា គឺពណ៌មាសហើយ ពណ៌មាសនេះគឺជាពណ៌ដែលពេញនិយមនឹងទាក់ទាញខ្លាំងមែនទែន ហើយឪឡឹកពណ៌មាសមានរសជាតិផ្អែមស្រួយជាពិសេសមានក្លិនក្រអូប ជាងហ្នឹងទៀត ឪឡឹកពណ៌មាស មិនសូវមានគ្រាប់ដូចឪឡឹកធម្មតាទេ”។

លោកបន្ថែមថា ឪឡឹកប្រភេទនេះ គឺប្រើរយៈពេលដាំតែជាង១ខែទេ អាចប្រមូលផលបានហើយ។ ចំពោះទិន្នផលវិញអាចទទួលបានចន្លោះពី ២០តោនទៅ ៤០តោនក្នុងទំហំដី ២ហិកតា។ លោកបញ្ជាក់ថា បច្ចេកទេសដាំឪឡឹកពណ៌មាសមិនខុសប្លែកពីឪឡឹកធម្មតាទេ គ្រាន់ថាបច្ចេកទេសសម័យទំនើបនេះ មានមន្រ្តីជំនាញខាងកសិកម្មខេត្តចុះមកបង្រៀនបន្ថែមពីរបៀប ថែទាំ របៀបបំពាក់ប្រព័ន្ធស្រោចស្រពដល់ដំណាំគ្រប់គល់គ្រប់គុម្ពរបស់វា ធ្វើឲ្យដំណាំរបស់យើងមានសុខភាពល្អ ឆាប់ទទួលបានផល៕

ប្រភព៖ ក្រសួងព័ត៌មាន