ផ្លែដូង និងទឹកដោះគោកំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយប្រជាជនជឿថា ផលិតផលទាំងនេះ អាចជួយព្យាបាល និងការពារជំងឺកូវីដ១៩
អាជីវកម្ម July 20, 2021 Khmernote

ផ្លែដូង និងទឹកដោះគោស្រស់កំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលប្រជាជននាំគ្នាងាកទៅរកអាហារ និងភេសជ្ជៈដែលត្រូវបានផ្សព្វផ្សាយថា អាចប្រឆាំងនឹងវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីបាននាំគ្នាទិញផ្លែដូង និងទឹកដោះគោស្តុកទុក បន្ទាប់ពីបែកធ្លាយថា ផលិតផលទាំងពីរនេះ អាចព្យាបាល និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅលើវេទិកាផ្ញើសារ និងបណ្ដាញសង្គម។

សារ និងការផ្សព្វផ្សាយពីប្រសិទ្ធភាពនៃផលិតផលទាំងពីរនេះ បានធ្វើឱ្យមានតម្រូវការខ្ពស់ និងតម្លៃកាន់តែថ្លៃថែមទៀត។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានវីដេអូជាច្រើនដែលបង្ហាញពីប្រជាជនឥណ្ឌូនេស៊ីដែលកំពុងប្រជ្រៀតគ្នា ដើម្បីទិញផលិតផលទឹកដោះគោដែលមានម៉ាកល្បីៗ ស្តុកទុក។ សកម្មភាពទាំងនេះកើតចេញពីព័ត៌មានដែលថា ម៉ាកទឹកដោះគោល្បីៗអាចជម្រុញអង្គបដិប្រាណដែលនឹងការពារការឆ្លងកូវីដ-១៩ ហើយជាមួយនឹងការកើនឡើងនៃតម្រូវការភ្លាមៗ អ្នកលក់បន្តត្រូវបានគេនិយាយថាបានឡើងតម្លៃរហូតដល់ទៅ ៥ដង។

ជាងនេះទៅទៀត ក្នុងពេលថ្មីៗនេះប្រជាជនក៏នាំគ្នាសម្រុកទិញផ្លែដូងស្តុកទុកផងដែរ បើតាមអ្នកលក់ដូងបានប្រាប់ CNA ថា៖ «ចាប់តាំងពីសប្តាហ៍មុនប្រជាជនបាននាំគ្នាទិញដូង ហើយពេលខ្លះ ប្រជាជនម្នាក់ទិញដូងពី ៤ ទៅ ៥ផ្លែ ឯណោះ»​។ លោកបានបន្តថា ជាទូទៅ លោកលក់ដូងបានក្នុងតម្លៃ ១២,០០០ រូពីក្នុងមួយផ្លែ ប៉ុន្តែសព្វថ្ងៃនេះលោកអាចលក់បានដល់ទៅ ៣០,០០០ រូពីក្នុងមួយផ្លែ ហើយសូម្បីតែ ដូងខ្ចីតូចៗ ក៏អាចលក់បានក្នុងតម្លៃ ១៥,០០០ រូពីដែរ។

ទោះជាយ៉ាងណាក្ដី អ្នកជំនាញដែលបានសម្ភាសដោយ CNA បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមាននៃការទទួលទានអាហារ និងភេសជ្ជៈទាំងនេះ។ លោកវេជ្ជបណ្ឌិត Siti Nadia Tarmizi នាយកក្រសួងការពារជំងឺឆ្លងឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា៖ « ប្រជាជនបានទទួលព័ត៌មានខុសអំពីទំនិញទាំងនេះ ដោយអ្នកខ្លះអះអាងថា ផលិតទាំងនេះ អាចព្យាបាលជំងឺកូវីដ-១៩ បាន ឬយ៉ាងហោចណាស់ អាចការពារមនុស្សពីការឆ្លងរោគ ឬព្យាបាលរោគសញ្ញាមួយចំនួន។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៨ លានករណីចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។ ក្នុងចំនោមចំនួននេះមនុស្សប្រហែល ៣៥០,០០០ នាក់បានធ្វើតេស្តិ៍វិជ្ជមានក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ ប្រជាជនចន្លោះពី ៨០០ ទៅ ១២០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺរាតត្បាតនៅក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ជាង ៧ ម៉ឺននាក់៕

អត្ថបទ៖ លីនី
ប្រភព៖​ channelnewsasia