ក្រឡាន បាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ តែដោយសារកូវីដ១៩ ធ្វើឱ្យការលក់ថយចុះ
អាជីវកម្ម July 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រជាពលរដ្ឋ និងអ្នកប្រករបរដុតនំក្រឡានបានឱ្យដឹងថា នំក្រឡានខេត្តបាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាពនិងរសជាតិឈ្ងុយឆ្ងាញ់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ អ្នកស្រី រុំ ផារី រស់នៅភូមិសំរោង ឃុំសំរោងក្នុងស្រុកឯកភ្នំ ដែលប្រកបមុខរបរដុតក្រឡាន លក់ជាង ២០ឆ្នាំមកហើយរៀបរាប់ថា នំក្រឡាន មានគ្រឿងផ្សំ សំខាន់ៗមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករជាដើម។ នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឫស្សី ហើយដុតរយៈពេល ២ម៉ោងទើបឆ្អិន ហើយយកមកសក ដើម្បីដាក់លក់ឱ្យអតិថិជន។

អ្នកស្រីថា ទម្រាំបានក្រឡានឆ្អិនដាក់លក់យើងត្រូវឆ្លង កាត់ដំណាក់កាលដូចជា រកឫស្សី មិនចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ ។ នំក្រឡាន គឺជាអាហារម្យ៉ាងដែលគេធ្វើពីអង្ករដំណើប ដុតជាមួយឫស្សី រួមជាមួយគ្រឿងផ្សំផ្សេងៗ ដើម្បីឱ្យមានរសជាតិឆ្ងាញ់។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ របរដុតក្រឡាន ត្រូវបានកាត់បន្ថយពាក់កណ្តាល ដោយសារកូវីដ១៩ ធ្វើឱ្យអ្នកនិយមបរិភោគមិនសូវមាន។ ពេលខ្លះអ្នកស្រីត្រូវដើរលក់តាមផ្ទះ បន្ថែមទៀតនៅពេលលក់មិនអស់។ អ្នកស្រីមិនហ៊ាននិយាយថាឆ្ងាញ់ ឬមិនឆ្ងាញ់នោះទេ អាស្រ័យអ្នកបរិភោគ ប៉ុន្តែរៀងរាល់ថ្ងៃ អ្នកស្រីថា មានអ្នកមកទិញជាប់ជាប្រចាំដែរ បើទោះបីមានការរាតត្បាតដោយជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី ។

យ៉ាងណាក៏ដោយ អ្នកស្រី សំណូមពរដល់បងប្អូនទាំង អស់ឱ្យជួយគាំទ្រក្រឡានបាត់ដំបង ឬមកភ្លក់រសជាតិ ដល់ទីតាំងដុតផ្ទាល់នៅទល់មុខ វត្តសំរោងក្នុង ។ ក្រឡានបាត់ដំបង ត្រូវបានប្រជាពលរដ្ឋអ្នកនិយមបរិភោគទទួលស្គាល់ថា មានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយពេលពួកគាត់ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ តែងតែទិញក្រឡានដុតក្តៅៗ នៅមុខវត្តសំរោង ក្នុងនេះតែម្តង ដើម្បីផ្ញើសាច់ញ្ញាតិបងប្អូនមិត្តភក្តិសម្រាប់បរិភោគជាដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន