ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយកែលម្អអគារពាណិជ្ជកម្ម ពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ
អាជីវកម្ម July 16, 2021 Khmernote

ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ដែលជាផ្សារទំនើបដំបូងគេបង្អស់របស់ក្រុមហ៊ុនជប៉ុនដ៏ំមួយ ដែលឈានជើងចូលមកក្នុងប្រទេសកម្ពុជា នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដើម្បីឆ្លើយតបអោយសមស្របនឹងតម្រូវការរបស់អតិថិជន។ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ AEON MALL Cambodia CO.,LTD. បានឱ្យដឹងថា ដោយសារតែតម្រូវការទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានសម្រេចចិត្តកែលម្អអគារពាណិជ្ជកម្មនេះ (ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ) ដោយពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ។

ក្រុមហ៊ុនបានឱ្យដឹងថាបន្ថែមថា ការកែលម្អអគារពាណិជ្ជកម្មនេះ គឺជាកត្តាចំបាច់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ទៅមួយកម្រិតទៀត ដើម្បីក្លាយជាផ្សារទំនើបយ៉ាងប្រណីតនៅកណ្ដាលទីក្រុងភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ គឺជាផ្សារទំនើបដំបូងគេបង្អស់នៃក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី (ហៅកាត់តទៅនេះថា «ក្រុមហ៊ុនយើង») នៅក្នុងប្រទេសកម្ពុជា។ ផ្សារទំនើបនេះបានបើកដំណើរជាផ្លូវការក្នុងខែមិថុនា ឆ្នាំ២០១៤ ដែលជាកន្លែងមួយដែលនាំមកនូវបែបផែននៃការរស់នៅចុងក្រោយគេបង្អស់ ក៏ដូចជាសេវាកម្មផ្សេងៗ៕

អត្ថបទ៖ លីនី