ខ្មែរយើងមិនធម្មតា! ខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយបច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រដែលច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្ត ៥នេះ
អាជីវកម្ម July 16, 2021 Khmernote

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានបង្ហាញតាមរយៈហ្វេសប៊ុកផេកថា តម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុងជីវភាពរបស់ជនជាតិខ្មែរតាំងពីយូលង់។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ បានឲ្យដឹងថាខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយបច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់សម្រាប់ខេត្តចំនួនប្រាំ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។

ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសសៃ សូត្រ សម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ផូរផង់នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាន់ទៅមួយជំនាន់។

យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ ត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន ផលិតកម្មនេះបានចាប់ ផ្តើមដំណើរឡើងវិញ ប៉ុន្តែហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយ។ ជាក់ស្តែង គេឃើញមានដំណាំមនមានការដាំដុះតិចតួចនៅតាមបណ្តាខេត្តដូចជា ៖ ខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង កណ្តាល កំពត និងមណ្ឌលគីរី។ល។ ផលិតផលស្លឹកមន ត្រូវបានប្រើប្រាស់ជាអាទិភាពទីមួយគឺជាចំណីរបស់ដង្កូវ នាង ដង្កូវនាងស៊ីស្លឹកមន បង្កើតបានជាសំបុក សំបុកនេះផលិតចេញសសៃសូត្រ សិប្បករតម្បាញបានយកសសៃសូត្រនេះមកត្បាញជាហូល ផាមួង ផាមួងចរបាប់ ផាមួងកទា ក្រមា និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ឬកែច្នៃជាគ្រឿងសម្អាងសម្រាប់ស្ត្រីផងដែរ។ លោក កែវ កង រស់នៅក្នុងភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថាដើម្បីបានហូល ឬផាមួងមួយក្បិន គឺត្រូវចំណាយពេល ស្មារតីផ្ចិតផ្ចង់ ឧស្សាហ៍ព្យាយាមគ្រប់តំណាក់កាលទាំងអស់តាំងពីយកសូត្រមកបោកទឹកឲ្យស្អាត យកទៅរវៃចងពង់ យកទៅកុងចងម៉ូតផ្កា ឬសត្វ ជ្រលក់ពណ៌ជាច្រើន លើកតាមពណ៌ដែលចង់បាន រវៃចូលត្រល់ ទើបយកទៅត្បាញ ហើយការត្បាញទៀតសោធន៍ ទាមទារពេលវេលា ភាពអត់ធ្មត់ គំនិតច្នៃប្រឌិតក្បូរក្បាច់រចនា និងផ្ចិតផ្ចង់ក្នុងការត្បាញម្តងមួយសរសៃៗ តម្រឹមក្រឡាគោម។ល។ ឲ្យបានហ្មត់ចត់ទើបផលិតបានហូល ឬផាមួងមានភាពល្អប្រណិត។

សូមជម្រាបថា បច្ចប្បន្ន ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិត ដោយសារប្រពៃណី ទំនៀមទំលាប់ទាំងការដាំមន ការចិញ្ចឹមដង្កូវនាង ការផលិតសសៃសូត្រ និងការត្បាញ មិនទាន់មានការផ្លាស់ប្តូរ ឬមានការវិវឌ្ឍន៍យឺតយ៉ាវនៅឡើយ នេះអាចនិយាយបានថាពួកគាត់នៅខ្វះបច្ចេកទេសដាំ ការជ្រើសរើសពូជមន ពូជដង្កូវនាង ការចិញ្ចឹមដង្កូវនាង ការកែច្នៃសសៃសូត្រ ឧបករណ៍ប្រើប្រាស់ដូចជាកីតម្បាញ។ល។ ខ្វះពូជដង្កូវនាងដែលមានគុណភាពល្អ និងផ្តល់ទិន្នផលសូត្រខ្ពស់៕

អត្ថបទ៖ លីនី