ផ្សារទំនើបនៅក្រុងហូជីមិញ ចេញសំបុត្រកំណត់ពេលទិញទំនិញឱ្យអតិថិជន ដើម្បីគ្រប់គ្រងអ្នកដើរផ្សារមិនឱ្យទិញស្តុកទុក តម្រង់ជួរ និងការកកស្ទះ
អាជីវកម្ម July 16, 2021 Khmernote

ផ្សារទំនើបនៅទីក្រុង ហូជីមិញ កំពុងផ្ដល់សំបុត្រដល់អតិថិជន ដើម្បីកំណត់ពេលទិញទំនិញរបស់ពួកគេ ដោយព្យាយាមកាត់បន្ថយការស្តុកទុកខណៈដែលទីក្រុងនេះទទួលរងនូវការផ្ទុះឡើងនៃកូវីដ-១៩ ដ៏អាក្រក់បំផុត។ អ្នកនាំពាក្យខ្សែសង្វាក់ផ្គត់ផ្គង់ Saigon Co.op បាននិយាយថា ចាប់តាំងពីថ្ងៃពុធ Saigon Co.op បានចាប់ផ្តើមសាកល្បងចេញសំបុត្រទិញទំនិញនៅតាមបណ្តាហាងលក់ទំនិញមួយចំនួនហើយនឹងពង្រីកយន្តការទៅទីតាំងដែលមានមនុស្សកុះករផ្សេងទៀត ដើម្បីកាត់បន្ថយការតម្រង់ជួរ និងការកកស្ទះ។

វិធានការថ្មីនេះ ជួយ​ឱ្យអតិថិជនមានភាពងាយស្រួល និងស្មើភាពជាងមុន ពោលគឺមិនមានការតម្រង់ជួរចាំចូលទិញទំនិញជាខ្សែពេញផ្លូវទៀតទេ។ អតិថិជនដែលមកទិញទំនិញត្រូវបានអង្គុយរងចាំវេនរបស់ពួកគេក្នុងបន្ទប់រង់ចាំម្ដង ៣០នាក់ ខណៈដែលនៅខាងក្នុងកន្លែងទិញឥវ៉ាន់មានអតិថិជនប្រហែល ២០ នាក់កំពុងយកឥវ៉ាន់របស់ពួកគេ ដោយអតិថិជនម្នាក់ៗត្រូវបានអនុញ្ញាតឱ្យទិញទំនិញរយៈពេលអតិបរមា ៤០ នាទី។

លើសពីនេះទៅទៀត បន្លែ ត្រីសាច់ ផ្លែឈើ មានគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់ និងស្មើភាព ពោលគឺមិនដណ្ដើមគ្នាទិញស្តុកដល់អស់ពីធ្នើទៀតឡើយ។ លោក Bui Thi Giang Thu ប្រធានផ្សារទំនើបបានមានប្រសាសន៍ថា អតិថិជនអាចមកយកសំបុត្ររបស់ពួកគេនៅផ្សារទំនើប ហើយត្រឡប់មកវិញតាមពេលវេលាដែលបានកំណត់។ ប្រសិនបើពួកគេយឺតពួកគេប្រហែលជាត្រូវយកសំបុត្រផ្សេងទៀតហើយរង់ចាំ។

ជាមួយគ្នានេះហាងលក់រាយមួយចំនួនផ្សេងទៀតក៏កំពុងអនុវត្តបទប្បញ្ញត្តិថ្មីនេះដែរ ដើម្បីរក្សាការទិញទំនិញ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប និងហាងលក់គ្រឿងទេសនៅទូទាំងទីក្រុងហូជីមិញសព្វថ្ងៃ មានអតិថិជនតម្រង់ជួរយ៉ាងវែង ដោយសារប្រជាជនស្តុកស្បៀងអាហារដោយខ្លាចមានការបិទខ្ទប់ បើទោះបីជាអាជ្ញាធរបានបញ្ជាក់ម្តងហើយម្តងទៀតថា នឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់គ្រប់គ្នាក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress