ទីក្រុងហាណូយ បញ្ជាឱ្យបិទអាជីវកម្មមិនចាំបាច់ ៣ប្រភេទនេះជាថ្មីម្ដងទៀត ក្រោយអនុញ្ញាតឱ្យបើកឡើងវិញទើបតែបាន ៣សប្ដាហ៍
អាជីវកម្ម July 12, 2021 Khmernote

ទីក្រុងហាណូយនឹងបិទហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់តាមផ្ទះ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ខណៈពេលដែលទីក្រុងដ៏ធំរបស់វៀតណាមមួយនេះកំពុងគម្រាមកំហែងពីការឆ្លងរីករាលដាលនៃវីរុស កូវីដ-១៩។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ការបិទអាជីវកម្មនេះបានធ្វើឡើងជាថ្មីម្ដងទៀត បន្ទាប់ពីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបានតែ ៣សប្ដាហ៍ប៉ុណ្ណោះ។

ឯកសាររបស់គណៈកម្មាធិការប្រជាជនក្រុងដែលបានផ្សព្វផ្សាយដោយរដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថា រាល់អាជីវកម្មដែលមិនចាំបាច់ដូចជា ហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់តាមផ្ទះ ត្រូវតម្រូវឱ្យបិទទ្វារ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកសារនោះបានបន្ថែមថា ការធ្វើលំហាត់ប្រាណ សកម្មភាពកម្សាន្ត និងការជួបជុំធំៗ ដទៃទៀតនៅឧទ្យានសួនច្បារ និងទីតាំងសាធារណៈដទៃទៀតក៏នឹងត្រូវផ្អាកផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃវីរុសឆ្លងលើកមុន ក្រុងហាណូយបានស្នើសុំឱ្យ ហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់បិទទ្វាររយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដោយការវិធានការនេះទើបតែត្រូវបានលើកឡើងវិញប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២២ ខែមិថុនា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress