វីរុសកូវីដ-១៩ ធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើននៅក្រុងហូជីមិញ ផ្អាកដំណើរការ ខណៈបុគ្គលិកវៀតណាមរាប់ម៉ឺននាក់បាត់បង់ការងារ
អាជីវកម្ម July 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា មានក្រុមហ៊ុនបរទេសចំនួន ៦ បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលមានកម្មករជាង ៣៦,០០០ នាក់ត្រូវបញ្ឈប់ប្រតិបត្តិការ ដោយសារការឆ្លងមេរោគកូវីដ-១៩ រួមទាំង​ការធ្វើចត្តាឡីស័ក្កផ្ទាល់ខ្លួន​របស់បុគ្គលិកដែលស្ថិតនៅតំបន់បិទខ្ទប់។

ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Long Rich នៅទីក្រុង Thu Du បានសម្រេចឱ្យកម្មករប្រហែល ៤,០០០នាក់ ឈប់សម្រាកពីការងារអស់រយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងកន្លែងផ្ទុករបស់ខ្លួនដែលបានបង្អាក់ផលិតកម្ម។ ដោយឡែក កម្មករប្រហែល ៣,៦០០នាក់ផ្សេងទៀត នៅក្នុងក្រុមហ៊ុនដែលរស់នៅ Binh Duong ក៏មិនអាចវិលត្រឡប់ទៅទីក្រុងហូជីមិញវិញដែរ ខណៈដែលពួកគេកំពុងស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ៧ ថ្ងៃបន្ទាប់ពីចាកចេញពីទីក្រុងភាគខាងត្បូង។

ជាមួយគ្នានេះក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ឈ្មោះថា Freetrend Industrial Vietnam ដែលមានបុគ្គលិកប្រហែល ២១,០០០ នាក់ក៏បានផ្អាកប្រតិបត្តិការកាលពីថ្ងៃសុក្រដើម្បីវាយតម្លៃឡើងវិញនូវពិធីសារត្រួតពិនិត្យការឆ្លងមេរោគនេះ និងបន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ ជាច្រើន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ២ផ្សេងទៀតនៅ Thu Duc ដែលផលិតម៉ូទ័រកង្ហារគឺ Nidec Vietnam និង Nidec Sankyo ដែលក្រុមហ៊ុនជប៉ុនទាំងពីរស្ថិតនៅក្រោមសាជីវកម្ម Nidec ដែលមានកម្មករប្រហែល ១ ម៉ឺននាក់ក៏ត្រូវបញ្ឈប់ប្រតិបត្តិការដែរ។ ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ Solen Electric ដែលមានកម្មករចំនួន ៦០០ នាក់និងក្រុមហ៊ុនវាយនភ័ណ្ឌតៃវ៉ាន់ Hung Way ដែលមានកម្មករចំនួន ១៣០០ នាក់បានផ្អាកប្រតិបត្តិការនៅសប្តាហ៍នេះរយៈពេល ១៥ ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ទីក្រុងហូជីមិញ ដែលឥឡូវនេះជាចំណុចក្តៅដ៏ធំបំផុតរបស់មេរោគកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម មានកម្មករប្រហែល ១.៦ លាននាក់នៅក្នុងរោងចក្រជាច្រើន។ យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ៣៨ នៅក្នុងទីក្រុងបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងរលកទី៤ ខណៈពេលដែលកម្មករជាង ១,៨០០ នាក់បានឆ្លងជំងឺនេះគិតត្រឹមថ្ងៃពុធ នេះបើយោងតាមសហព័ន្ធការងាររបស់ហូជីមិញ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress