យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation បានឱ្យដឹងថា អគ្គិភ័យដែលបានបង្កឡើងដោយការផ្ទុះនៅក្នុងរោងចក្រស្នោរនៅក្នុងស្រុក Bang Phli ប្រហែលម៉ោង ៣ព្រឹក បានសម្លាប់អ្នកជួយសង្គ្រោះអាយុ ១៨ ឆ្នាំម្នាក់ និងរងរបួសជិត ៦០ នាក់ផ្សេងទៀត ហើយការខូចខាតគិតមកទល់ពេលនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៧០០ លានបាត (ប្រមាណជា ២១.៧ លានដុល្លារអាមេរិក)។
នាយកដ្ឋានការពារនិងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថា យ៉ាងហោចណាស់មានផ្ទះចំនួន ៧០ និងយានយន្ត ១៥ គ្រឿងត្រូវបានខូចខាតដោយសារការផ្ទុះនេះ។ យ៉ាងណាមិញក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់មូលហេតុនៃការផ្ទុះនេះទេ ប៉ុន្តែអ្នកស្រុកនៅចម្ងាយ ៥ គីឡូម៉ែត្រនៃអគ្គិភ័យត្រូវបានគេប្រាប់ឱ្យនៅឆ្ងាយពីកន្លែងនោះដោយសារផ្សែងពុល ដែលក្នុងនោះមានសារធាតុគីមីជាង ១០ ប្រភេទត្រូវបានសាយភាយ។
គួរបញ្ជាក់ផងដែរថា រោងចក្រនេះទទួលបានអាជ្ញាប័ណ្ណបង្កើតរោងចក្រ នៅ Soi Kin Kaew នៅឆ្នាំ១៩៨៩ ដែលកាលនោះមិនមានទីលំនៅដ្ឋានរបស់ប្រជាជនក្នុងតំបន់ឡើយ។ ប៉ុន្តែចាប់តាំងពីពេលនោះមកអចលនទ្រព្យលំនៅដ្ឋានជាច្រើនត្រូវបានសាងសង់នៅតំបន់នោះ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


