ជ្រូកខ្វៃនៅភ្នំគូលែន កំពុងមានទីផ្សារខ្ពស់មិនចាញ់ជ្រូកដទៃ ចង់ដឹងអត់ តើហេតុអ្វី បានជាជ្រូកខ្វៃនៅភ្នំគូលែន ពិសេស?
អាជីវកម្ម June 29, 2021 Khmernote

ជ្រូកខ្វៃនៅភ្នំគូលែន ហាក់ដូចជាកំពុងល្បីល្បាញខ្លាំង ខណៈដែលបច្ចុប្បន្នក៏កំពុងមានទីផ្សារខ្ពស់ មិនចាញ់ជ្រូកខ្វៃតាមបណ្ដាខេត្តផ្សេងៗឡើយ។ ជាមួយភាពល្បីល្បាញ និងសន្ទុះហក់ចូលទីផ្សារលឿន ចង់ដឹងអត់ តើហេតុអ្វី បានជាជ្រូកខ្វៃនៅភ្នំគូលែន ពិសេស?

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។

ក្រសួងបានបន្តថា បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ បានជំរុញឱ្យសហគមន៍នៅលើភ្នំគូលែន បង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ កូនជ្រូកក្នុងទម្ងន់ ៨-១០ គីឡូក្រាម មានតម្លៃរហូតដល់ ៤៥០ ០០០រៀលក្នុងមួយក្បាល ធ្វើឱ្យសហគមន៍មិនចិញ្ចឹមជ្រូកសាច់រហូតដល់ទម្ងន់ ៨០-៩០ គីឡូក្រាមឡើយ។

ជាមួយគ្នានេះដែរ ដើម្បីចូលរួមលើកទឹកចិត្តដល់សហគមន៍ទាំង ៥ នៅលើខ្នងភ្នំ ក្រសួងបរិស្ថានបានចែកពូជជ្រូកឦសាន ដែលយកមកពីខេត្តមណ្ឌលគីរី ធ្វើឱ្យការចិញ្ចឹមជ្រូកនេះ កាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕

ប្រភព៖ ក្រសួងបរិស្ថាន