ប្រធានក្រុមហ៊ុន Vingroup បានលើកឡើងថា រថយន្តអគ្គិសនី VinFast ផលិតដោយក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម គឺ Vingroup អាចប្រៀបផ្ទឹមជាមួយរថយន្តរបស់ក្រុមហ៊ុន Tesla បាន ហើយនឹងត្រូវនាំចេញទៅសហរដ្ឋអាមេរិក។ លោក Pham Nhat Vuong បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ទិន្នផលរថយន្តអគ្គិសនីបច្ចុប្បន្ន គឺតិចតួចដោយសារតែកង្វះខាតបន្ទះឈីបសកល ប៉ុន្តែរថយន្តអគ្គិសនីគឺជា ឱកាសមួយសម្រាប់ក្រុមហ៊ុន Vingroup និងប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរជំហររបស់ខ្លួន។
លោកបានបន្តថា ទោះជាយ៉ាងណាក្ដី ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ ក្រុមហ៊ុន Vingroup នឹងលក់រថយន្តអគ្គិសនីរាប់សែនគ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន មានទំនុកចិត្តលើចំនួននោះ ពីព្រោះនេះជាការប្រកួតប្រជែងរវាងយានយន្តអគ្គិសនីនិងសាំងមិនមែនរវាងរថយន្តអគ្គិសនី និងរថយន្តអគ្គិសនីនោះទេ។
ប្រធានក្រុមហ៊ុនមួយនេះ បានអះអាងថា រថយន្តអគ្គិសនី Vinfast មានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំរបស់ NCAP ហើយអាចប្រៀបផ្ទឹមបានទាំងស្រុងជាមួយរថយន្តរបស់ក្រុមហ៊ុន Tesla ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Vingroup កំណត់គោលដៅប្រាក់ចំណូលចំនួន ១.៧០ ទ្រីលានដុងនៅឆ្នាំ ២០២១ ដែលជាការកើនឡើង ៥៤% ពីឆ្នាំមុននិងប្រាក់ចំណេញក្រោយពន្ធ ៤.៥ ទ្រីលានដុងដែលស្ទើរតែដូចទៅនឹងគោលដៅឆ្នាំ ២០២០ ដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


