ក្រុមហ៊ុនបម្រើសេវាកម្មប្រៃសណីយ៍ដ៏ធំមួយរបស់ជប៉ុន ចាយលុយ ២៧លានដុល្លារបង្កើតសេវាកម្មចែកចាយ និងដឹកជញ្ជូនកញ្ចប់ទំនិញដោយដ្រូន
អាជីវកម្ម June 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា Japan Post Group ដែលជាក្រុមហ៊ុនបម្រើសេវាកម្មប្រៃសណីយ៍របស់ប្រទេសជប៉ុន កំពុងធ្វើការបង្កើតសេវាកម្មចែកចាយ និងដឹកជញ្ជូនកញ្ចប់ទំនិញលើអាកាស។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននេះ បានសហការជាមួយក្រុមហ៊ុនផលិតដ្រូនក្នុងស្រុក ដើម្បីផ្តល់ជូននូវសេវាកម្មនេះនៅឆ្នាំ ២០២៣ ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២៧ លានដុល្លារក្នុងការចំណាយលើការអភិវឌ្ឍនៅក្នុងមន្ទីរពិសោធន៍ ប្រព័ន្ធត្រួតពិនិត្យស្វ័យភាព។

បើតាមក្រុមហ៊ុន ដ្រូននឹងអាច​ដឹកកញ្ចប់ទំនិញបាន ហើយក្រុមហ៊ុនជឿជាក់ថា ប្រព័ន្ធនេះនឹងមានប្រយោជន៍ជាពិសេសសម្រាប់ការចែកចាយនៅតំបន់ភ្នំ និងនៅលើកោះដាច់ស្រយាល។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រធាននាយកប្រតិបត្តិនិងជានាយកប្រតិបត្តិរបស់ Japan Post លោក Kinugawa Kazuhide បានមានប្រសាសន៍ថា៖ “ យើងឈានមុខគេក្នុងការច្នៃប្រឌិតភ័ស្តុភារដោយរួមបញ្ចូលគ្នានូវការដឹកជញ្ជូនរបស់ Japan Post ជាមួយបច្ចេកវិទ្យានិងចំណេះដឹងអំពីក្រុមហ៊ុនផលិតដ្រូនធំជាងគេ” ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍នៅប្រទេសជប៉ុន កំពុងជួបផលលំបាកក្នុងការជួលកម្មករ ដោយសារតែប្រជាជនមានវ័យចំណាស់ ដូច្នេះហើយធ្វើឱ្យ Japan Post Group សង្ឃឺមថា ដ្រូនអាចជួយដោះស្រាយបញ្ហានេះបាន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk