នាយករដ្ឋមន្រ្តីថៃ អនុម័តឱ្យបើកអាជីវកម្ម និងកន្លែងចំនួន ៥ នៅក្នុងទីក្រុងបាងកកឡើងវិញ ដើម្បីសម្រួលដល់ជីវភាពប្រជាជន
អាជីវកម្ម June 14, 2021 Khmernote

យោងតាមការចុះផ្សាយ​របស់ាសរព័ត៌មាន the Nation បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើសំណើរបស់ទីក្រុងបាងកក ដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺសម្រាប់អាជីវកម្ម និងកន្លែងសាធារណៈចំនួន ៥ ប្រភេទនៅទីក្រុងបាងកក។

នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីបាននិយាយថា ការយល់ព្រមដោយមានលក្ខខណ្ឌត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពជំងឺរាតត្បាតស្ថិតនៅក្នុងកំរិតមួយដែលអាចគ្រប់គ្រងបាន ហើយនៅពេលដែលប្រជាជននៅទីក្រុងបាងកកបានចាប់ផ្តើមទទួលថ្នាំបង្ការជាច្រើន។ លោកបានបន្តថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងការគ្រប់គ្រងមេរោគ និងស្ថានភាពសេដ្ឋកិច្ ចខណៈដែលមនុស្សជាច្រើនកំពុងស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិតឡើងវិញ។

ជាមួយគ្នានេះដែរ កន្លែងទាំង ៥ ដែលទទួលបានការអនុញ្ញាតឱ្យបើដំណើរការឡើងវិញរួមមាន៖ សារៈមន្ទីរ សួនកម្សាន្តនិងឧទ្យាន គ្លីនិកកែសម្ផស្ស ហាងម៉ាស្សា (តែអនុញ្ញាតឱ្យបម្រើសេវាកម្ម ម៉ាស្សាតែជើងប៉ុណ្ណោះ) និងចុងក្រោយ​ ហាងធ្វើក្រចកនិងចាក់សាក់។

គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយវិធានការគ្រប់គ្រងលើអាជីវកម្ម និងកន្លែងខាងលើនេះ នឹងត្រូវអនុវត្តនៅថ្ងៃច័ន្ទ ទី១៤ ខែមិថុនា នេះ ដោយអាជ្ញាធរទីក្រុងបាងកក នឹងចេញបទបញ្ជាទាក់ទងនឹងវិធានការការពារ សម្រាប់កន្លែងទាំង ៥ ដែលត្រូវអនុវត្តយ៉ាងតឹងរឹង ហើយ អ្នកដែលមិនគោរពតាមអាចត្រូវបានបញ្ជាឱ្យបិទ៕​

អត្ថបទ៖ លីនី
ប្រភព៖ nationthailand