Johnson & Johnson អាចនឹងខាតធ្ងន់ធ្ងរ ខណៈវ៉ាក់សាំងកូវីដ-១៩ រាប់លានដូសត្រូវបោះចោល ដោយសាររឿងមួយនេះ
អាជីវកម្ម June 12, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយ របស់អាមេរិក Johnson & Johnson អាចនឹងខាតបង់ធ្ងន់ធ្ងរ ដោយសារតែវ៉ាក់សាំងមានបញ្ហា។ ប្រភពបានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានប្រាប់ក្រុមហ៊ុន Johnson & Johnson ថា វ៉ាក់សាំងកូវីដ-១៩ រាប់លានដូស ដែលផលិតនៅរោងចក្រដែលមានបញ្ហា មិនអាចប្រើប្រាស់បានទេ ដោយសារតែបញ្ហានោះអាចបង្កឱ្យមានការចម្លងរោគ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា វ៉ាក់សាំងជាច្រើនប្រភេទដែលផលិតនៅរោងចក្រ Emergent BioSolutions ក្នុងទីក្រុង Baltimore គឺមិនសមស្របសម្រាប់ការប្រើប្រាស់នោះទេ។ យ៉ាងណាមិញ ទាំងទីភ្នាក់ងារ (FDA) និង J&J មិនបានបង្ហាញពីចំនួនជាក់លាក់ទេ ប៉ុន្តែកាសែត New York Times បានបង្ហាញថាមានចំនួន ៦០ លានដូស នេះដោយយោងតាមការដកស្រង់សំដីអ្នកដែលធ្លាប់បានដឹងពីបញ្ហានេះ។

អ្នកវិទ្យាសាស្ត្រនៃ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិយាយថា សកម្មភាពទាំងនេះបានតាមដានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃកំណត់ត្រារួមមាន៖ ប្រវត្តិនៃការផលិត និងការសាកល្បង ដែលត្រូវបានអនុវត្តដើម្បីវាយតម្លៃគុណភាពនៃផលិតផល។ រោងចក្រ Emergent BioSolutions ត្រូវបានបញ្ជាឱ្យផ្អាកផលិតកម្មនៅខែមេសាជាច្រើនសប្តាហ៍ បន្ទាប់ពីវាត្រូវបានគេកំណត់ថា សារធាតុដែលត្រូវបានប្រើដើម្បីផលិតវ៉ាក់សាំង J&J ត្រូវបានឡូកឡំជាមួយនឹងសារធាតុផ្សំពីវ៉ាក់សាំង AstraZeneca ដែលធ្វើឱ្យខូចខាតដល់កម្រិតថ្នាំ J&J ចំនួន ១៥ លានដូស។

ជាមួយគ្នានេះដែរ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) នៅតែធ្វើការសម្រេចចិត្តថាតើត្រូវអនុញ្ញាតឱ្យរោងចក្របើកដំណើរការឡើងវិញឬអត់។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំង J&J ទាំងអស់ដែលបានចែកចាយ និងប្រើប្រាស់នៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះ ត្រូវបានផលិតនៅក្នុងប្រទេសហូឡង់មិនមែននៅ Baltimore ឡើយ។ ហើយអនុប្រធានប្រតិបត្តិ J&J លោក Kathy Wengel មានប្រសាសន៍ថា៖ « Johnson & Johnson ប្តេជ្ញាផលិតវ៉ាក់សាំងដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដើម្បីនាំមកនូវសុខភាពនិងក្តីសង្ឃឹមដល់ប្រជាជនគ្រប់ទីកន្លែង »៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost