ក្រុមហ៊ុនផលិតកាម៉េរាចាស់វស្សា Nikon Corp នឹងបញ្ឈប់ការផលិតតួកាមេរ៉ានៅប្រទេសជប៉ុនចុងឆ្នាំនេះហើយផ្ទេរផលិតកម្មទៅប្រទេសថៃវិញ
អាជីវកម្ម June 9, 2021 Khmernote

យោងតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Nikon Corp បានឱ្យដឹងថាក្រុមហ៊ុន Nikon Corp នឹងបញ្ចប់ការផលិតតួកាមេរ៉ារបស់ខ្លួននៅក្នុងប្រទេសជប៉ុននៅចុងឆ្នាំនេះ ដោយសារតែទីផ្សារកាមេរ៉ាឌីជីថលកំពុងតែធ្លាក់ចុះព្រោះតែមុខងារថតរូបរបស់ទូរស័ព្ទស្មាតហ្វូនកាន់តែប្រសើរឡើង។

ប្រភពដដែលបានឱ្យដឹងថា ជាផ្នែកមួយនៃការកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួនក្រុមហ៊ុនកាមេរ៉ាយក្ស នឹងផ្ទេរផលិតកម្មពីរោងចក្រមួយក្នុងខេត្ត Miyagi ដែលជាកន្លែងផលិតម៉ាស៊ីនថតក្នុងស្រុកតែមួយគត់របស់ខ្លួនទៅរោងចក្រធំមួយនៅប្រទេសថៃ។ បុគ្គលិកជាន់ខ្ពស់ដដែលបានលើកឡើងថា៖ « កម្រិតគុណភាពនៃផលិតផលរបស់យើង អាចមាននិរន្តរភាពទោះបីវាត្រូវផលិតនៅបរទេសក៏ដោយ” ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nikon ក៏គ្រោងនឹងបិទរោងចក្រចំនួនពីរនៅខេត្ត Yamagata និងខេត្ត Fukushima ទាំងនៅភាគឦសាននៃប្រទេសជប៉ុន ដែលដំណើរការនៃផ្នែកកែវថត ដែលអាចដោះចេញបាន (removable lens) សម្រាប់កាមេរ៉ាឌីជីថល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nikon បានឈានមុខគេក្នុងវិស័យឧស្សាហកម្មកាមេរ៉ាជាមួយក្រុមហ៊ុន Canon Inc ចាប់តាំងពីបានបើកដំណើរការកាមេរ៉ាដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៤៨។ ប៉ុន្តែក្រុមហ៊ុននេះបានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានខាតបង់សុទ្ធចំនួន ៣៤.៤ ពាន់លានយ៉េន (៣១៤ លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធចុងក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews