យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាកសិករដាំម្រេចនៅស្រុកមេមត់ខេត្តត្បូងឃ្មុំមានសង្ឃឹមក្រោយពីទីផ្សារម្រេចឡើងថ្លៃ ដែលនឹងជួយឱ្យការផលិតទទួលផលចំណេញច្រើនជាងមុន ដែលជួយលើកកម្ពស់ជីវភាពរបស់កសិករ ខណៈដែលតម្លៃម្រេចកន្លងមកមានការធ្លាក់ចុះខ្លំាង ។
លោកស្រី ខៀវ សុខេន ជាកសិករដាំម្រេច ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក តម្លៃម្រេច គឺមានការធ្លាក់ចុះ ដែលធ្វើឱ្យលោកស្រីអស់សង្ឃឹមនៅក្នុងការដាំបន្តទៀត។ ប៉ុន្តែឆ្នាំនេះតម្លៃម្រេចមានការឡើងថ្លៃជាងមុន ដូច្នេះបានលើកទឹកចិត្តដល់កសិករក្នុងស្រុកមេមត់ ឱ្យនាំគ្នាចាប់ផ្ដើមដាំម្រេចឡើងវិញ។
លោកស្រីបន្តថា លោកស្រីក៏ដូចជាកសិករដាំម្រេចផ្សេងទៀត បានបង្ហាញការពេញចិត្ត ចំពោះតម្លៃម្រេចឆ្នាំនេះ ព្រោះមានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលពួកគាត់អាច យកទៅលក់នៅលើទីផ្សារបានតម្លៃ ១២០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលឆ្នាំមុនៗបានត្រឹមតែ៧០០០ រៀល ទៅ៨០០០រៀលតែ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។

សម្លេង៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ ហើយចង់ឱ្យតម្លៃម្រេចនឹងបានថ្លៃត្រឹម ៥ទៅ ៦ដុល្លារវិញក៏អរដែរ ព្រោះអីយើងត្រូវចំណាយច្រើនណាស់ បានតម្លៃប៉ុណ្ណឹងយើងចំណេញដែរ ប៉ុន្តែចំណេញតិច ព្រោះអីយើងត្រូវចំណាយសព្វគ្រប់ ពេលខែប្រាំងយើងបាញ់ទឹករហូត ពេលចូលដល់ខែហ្នឹងយើងប្រមូលផលហើយ យើងយកលុយនឹងទៅទិញជីយកមកដាក់ បាញ់ថ្នាំ កាត់ស្មៅថែទាំវាពីឥឡូវវិញទៅទៀត រហូតដល់និយាយទៅ ថែរហូតដល់បេះវិញ ចឹងយើងត្រូវចំណាយលុយច្រើន បើបានម្រេចឡើងថ្លៃជាងហ្នឹងទៀតក៍រឹតតែសប្បាយចិត្តដែរ »។
កសិករដាំម្រេចអស់រយៈ ពេលជិត២០ឆ្នាំរូបនេះ បញ្ជាក់ដែរថា លោកស្រីបានដាំដុះលើផ្ទៃដីជាង២ហិកតា ដោយជាទូទៅដំណាំម្រេច ត្រូវប្រើរយៈពេលក្នុងការដាំដុះ ៣ ឆ្នាំ ទម្រាំអាចទទួលផល ដោយឡែករដូវប្រមូលផលម្រេច គឺចាប់ពីខែមីនារហូត ដល់ដល់ខែមិថុនា។ជាមួយគ្នានោះ លោកស្រីអាចប្រមូលផលម្រេចបានចំនួនជាង៤ តោនក្នុងមួយឆ្នាំ។

ចំណែកឯលោក សុខ ដារ៉ា ជាកសិករដាំម្រេចក្នុងស្រុកមេមត់វិញ ក៏បានឱ្យដឹងដែរថា លោកពិតជាមានការសប្បាយរីករាយណាស់ ដែលតម្លៃម្រេចឆ្នាំនេះ មានតម្លៃនៅលើទីផ្សារ ហើយលោកសង្ឃឹមថា ម្រេចនឹងបន្តមានទីផ្សារកាន់តែប្រសើរជាងនេះ។ លោកបញ្ជាក់ថា ចំពោះទិន្នផលឆ្នាំខ្លះ ម្រេចផ្ដល់ទិន្នផលល្អ ឆ្នាំខ្លះក៏ខូចខាតដោយសារសត្វ ល្អិតចង្រៃ និងអាកាសធាតុ។
ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេលជាង ៤ ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចបានចំនួន ៧ ៧៩៨ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលកើនឡើងជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន៕

ប្រភព៖ ក្រសួងព័ត៌មាន


