ដោយសារតែរឿងទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ប្រកាសលក់យន្តហោះចំនួន ១១ គ្រឿងចេញ
អាជីវកម្ម June 3, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បាននិយាយថា ខ្លួននឹងដាក់លក់ដេញថ្លៃយន្តហោះ Airbus A321 CEO ចំនួន ១១គ្រឿង ដែលផលិតនៅឆ្នាំ ២០០៤ ២០០៧ និង ២០០៨ ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ការលក់ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់ខ្លួនដើម្បីផ្លាស់ប្ដូរយន្តហោះជំនាន់ចាស់ដែលត្រូវបានប្រើអស់រយៈពេលជាង ១២ ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានបំណងបង្កើនលំហូរសាច់ប្រាក់របស់ខ្លួន នៅពេលមានបញ្ហាសម្រាប់វិស័យអាកាសចរណ៍ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺរាតត្បាត។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រកាសពីការខាតបង់ប្រចាំត្រីមាសដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មាននៅក្នុងត្រីមាសទី ១ ចំនួន ៤.៩៧ ទ្រីលានដុង (២១៦ លានដុល្លារ) ដែលជំរុញឱ្យមានការខាតបង់សរុបដល់ ១៤.២២ ទ្រីលានដុងដែលចំនួននេះ គឺលើសដើមដែលក្រុមហ៊ុនមាន។

គួរនញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍នេះបានលក់យន្តហោះចំនួន ៩ គ្រឿងកាលពីឆ្នាំមុន និង ៥ គ្រឿងនៅឆ្នាំ ២០១៩។ ជាមួយគ្នានេះក្រុមហ៊ុន Vietnam Airlines មានយន្តហោះចំនួន ១០៧គ្រឿង នៅដំណាច់ឆ្នាំនេះ ក្នុងនោះមានទាំង A321 CEO ចំនួន ៥១ គ្រឿង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress