ក្រុមហ៊ុន Toyota និង Honda ផ្អាករោងចក្រផលិតនៅក្នុងប្រទេសម៉ាឡេស៊ីភ្លាមៗ​ ព្រោះមិនអាចធ្វើតាមគោលការណ៍បិទខ្ទប់របស់ប្រទេសនេះ
អាជីវកម្ម June 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co បានផ្អាកដំណើរការរោងចក្ររបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ីជាបណ្ដោះអាសន្ន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានសម្រេចបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស​ Covid-19 កាលពីថ្ងៃទី ១ ខែមិថុនា។

ប្រភពដដែលបាន​ឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co សម្រេចផ្អាកដំណើរការរោងចក្ររបស់ខ្លួន ដោយសារតែពួកគេ មិនអាចរក្សាផលិតកម្មជាមួយនឹងការកាត់បន្ថយកម្មករបានទេ ខណៈដែលអាជ្ញាធរមូលដ្ឋានបានតម្រូវឱ្យវិស័យរថយន្តនៅប្រទេសម៉ាឡេស៊ីរក្សាចំនួនកម្មករអប្បបរមានៅ ១០% ឬទាបជាងនេះ។

ជាមួយគ្នានេះដែរ​នៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានសង្កត់ធ្ងន់ថា “ វិធានការណ៍យ៉ាងម៉ឺងម៉ាត់” រាប់បញ្ចូលទាំងការបិទទ្វារផ្នែកសេដ្ឋកិច្ចនិងសង្គម គឺចាំបាច់ណាស់ ដោយសារតែការកើនឡើងនៃករណីវីរុស Covid-19។

គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រនៅម៉ាឡេស៊ី ក្រុមហ៊ុនទាំងពីរក៏មានរោងចក្រនៅប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលជាប្រទេសផ្ទុះនូវរលកថ្មីនៃវីរុស Covid-19 ផងដែរ។ ហើយប្រសិនបើកម្រិតនៃការចម្លងក្នុងសហគមន៍កើនឡើងនៅក្នុងប្រទេសទាំងនោះ នោះនឹងក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co នឹងត្រូវប្រឈមនឹងការថយចុះផលិតកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus