មិនធម្មតា! ក្រុមហ៊ុន PTT ចាប់ដៃជាមួយក្រុមហ៊ុន Foxconn ដើម្បីផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ
អាជីវកម្ម June 1, 2021 Khmernote

ក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិ PTT បានសហការជាមួយក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងផលិតរថយន្តអគ្គិសនី (EVs) នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand ។ ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុនទាំងពីរបានប្រកាសថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីផលិតរថយន្តនិងគ្រឿងបន្លាស់ តាមរយៈប្រព័ន្ធវិដេអូដោយមានការចូលរួមពីនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា។

ប្រភពបានឱ្យដឹងបន្តថា កិច្ចព្រមព្រៀងនេះគឺសម្រាប់ “វេទិកាបើកចំហ” មួយដែលផ្តល់ផ្នែករឹងនិងសូហ្វវែរ ដល់ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅប្រទេសថៃ ទោះបីជាមិនមានព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគត្រូវបានផ្តល់ឲ្យក៏ដោយ។ ក្រុមហ៊ុន Foxconn បាននិយាយថា នឹងចាប់យកសម្ព័ន្ធភាពឧស្សាហកម្ម MIH នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីជំរុញវេទិកានៅក្នុងប្រទេសថៃ។

បើតាមការដកស្រង់សម្តីរបស់លោក Liu Young-way ប្រធានក្រុមហ៊ុន Foxconn ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា៖ « កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន PTT និងរដ្ឋាភិបាលថៃ នេះ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្ម MIH »។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី ស្ថិតក្នុងចំណោមឧស្សាហកម្ម S-Curve របស់ប្រទេសថៃដែលត្រូវបានផ្សព្វផ្សាយតាមរយៈការលើកទឹកចិត្តរបស់ក្រុមប្រឹក្សាវិនិយោគ (BOI) នៅក្នុងវិស័យដូចជាច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។ BOI បានអនុម័តគម្រោង EV ដែលមានតម្លៃ ១៦១ ពាន់លានបាតនៅឆ្នាំ ២០២០ កើនឡើង ៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ។ ទន្ទឹមនឹងនេះគណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនីជាតិរបស់ប្រទេសថៃ បានកំណត់គោលដៅផលិតរថយន្តចំនួន ៦០៣,០០០ គ្រឿងនៅឆ្នាំ ២០២៥ និង ១,៤ លានគ្រឿងនៅឆ្នាំ ២០៣០ ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand