ប្លែកមែនទែន! ក្រុមហ៊ុនអាកាសចរណ៍ធំរបស់ជប៉ុន ផ្ដល់ជូនសេវាកម្មរៀបការលើយន្តហោះ ដល់គូស្នេហ៍ដែលចង់រៀបការក្នុងសម័យកូវីដ
អាជីវកម្ម May 31, 2021 Khmernote

ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 ជះឥទ្ធិពលយ៉ាងខ្លាំង​ទៅលើពិភពលោក និងសឹងតែគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសគឺប៉ះពាល់ខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្សតែម្ដង។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុន All Nippon Airways Co (ANA) កំពុងផ្ដល់នូវសេវាកម្មដ៏ពិសេសមួយដល់គូស្នេហ៍ដែលខកខានមិនបានរៀបការ ដោយសាររោគរាតត្បាត Covid-19។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ (ANA) កំពុងផ្ដល់នូវសេវាកម្មរៀបអាពាហ៍ពិពាហ៍នៅលើយន្តហោះ ដល់គូស្នេហ៍ដែលមានបំណង​ចង់រៀបការ។ បើតាមការលើកឡើងរបស់ក្រុមហ៊ុន សេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍នេះ មាន តម្លៃប្រហែល ១.៥៦ លានយ៉េន (១៤,២០០ ដុល្លារ) និងការរួមបញ្ចូលគ្នានៃពិធីជប់លៀងជាមួយនឹងអាហារនៅក្នុងអគារស្ថានីយក្នុងតម្លៃ ៣ លានយ៉េន។

ក្រុមហ៊ុនបន្ថែមថា អាពាហ៍ពិពាហ៍នេះ នឹងត្រូវរៀបចំឡើងលើយន្តហោះដឹកអ្នកដំណើរធុនធំប្រភេទ B-777 នៅអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ។ នៅក្នុងពិធី នឹងមានការប្រគុំតន្រ្តីបន្តផ្ទាល់ អមជាមួយការប្រកាសរបស់អ្នកបម្រើលើយន្តហោះ ដើម្បីអបអរសាទរដល់គូស្វាមី ជាពិសេសនោះគឺការបាញ់ភ្លើងបង្ហាញរូបភាពនៃកាឡាក់ស៊ីនៅលើពិដានក្នុងពិធីទៀតផង។ អ្វីដែលកាន់តែពិសេស ពិធីនេះមិនសោះកក្រោះឡើយ ពោលគឺមានវត្តមានអ្នកបើក និងអ្នកបម្រើលើយន្ដហោះខ្លះ ក៏ដូចជាអ្នកចូលរួមផ្សេងទៀតយ៉ាងហោចណាស់ក៏ ៣០នាក់ដែរ។

គួរបញ្ជាក់ផងដែរថា សេវាកម្មរៀបការលើយន្តហោះ ត្រូវបានដាក់ឱ្យដំណើរការនៅចុងខែឧសភា នឹងមានរហូតដល់ថ្ងៃទី ១៣ ខែមិថុនា។ ហើយគិតមកទល់ពេលនេះ គូស្វាមីភរិយាចំនួន ៧គូហើយ បានកក់សេវាកម្មនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងពិចារណាផ្តល់ជូនពិធីមង្គលការនៅលើយន្តហោះម្តងទៀត ដោយផ្អែកលើការងើបឡើងវិញនៃតម្រូវការសម្រាប់ជើងហោះហើរអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews