វិបត្តិកូវីដ បង្ខំឱ្យសួនសត្វមួយកន្លែងក្នុងប្រទេសថៃ ប្រកាសលក់ដំរី ១១ក្បាល ដើម្បីដោះស្រាយការខាតបង់
អាជីវកម្ម May 31, 2021 Khmernote

សួនសត្វ Sriracha Tiger Zoo នៅក្នុងខេត្ត Chon Buri ប្រទេសថៃ បានប្រកាសលក់សត្វដំរីចំនួន ១១ក្បាល បន្ទាប់ពីរងការវាយប្រហារយ៉ាងខ្លាំង ដោយសាររលកទី៣​ នៃវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ប្រភពដដែលបានឱ្យដឹងថា សួនសត្វដ៏ល្បីមួយនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីសេចក្តីប្រកាសលក់សត្វដំរី ភ្ជាប់ជាមួយនឹងរូបថតរបស់សត្វដំរីផងដែរ។

យោងតាមការបង្ហោះកាលពីថ្ងៃថ្ងៃសុក្រ សួនសត្វបានស្នើសុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតចែករំលែកការបង្ហោះនេះ ជាមធ្យោបាយមួយដើម្បីជួយស្វែងរកផ្ទះថ្មីសម្រាប់សត្វដំរីទាំងអស់។ សួនសត្វបានពន្យល់យ៉ាងច្បាស់ថា ការលក់នេះមានគោលបំណងបង្កើតមូលនិធិដើម្បីដោះស្រាយការខាតបង់ ដែលត្រូវបានរងគ្រោះដោយសារវិបត្តិ Covid-19 និងជួយសត្វដំរីដែលស្ថិតក្នុងចំណោមសត្វដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃទេសចរណ៍ដែលបណ្តាលមកពី Covid-19 ។

គួរបញ្ជាក់ផងដែរថា ប្រភពមួយនៅនាយកដ្ឋានឧទ្យានឧទ្យានជាតិសត្វព្រៃនិងអភិរក្សរុក្ខជាតិបាននិយាយថា សត្វដំរីជាសត្វដែលត្រូវបានការពារក្រោមច្បាប់ការពារនិងអភិរក្សសត្វព្រៃ។ ដូច្នេះគេមិនអាចលក់វាបានទេលើកលែងតែសួនសត្វ រឺ សំរាប់ការស្រាវជ្រាវ។ ទន្ទឹមនឹងនេះកាលពីដើមខែកន្លងទៅ ម្ចាស់សួនសត្វវ Sriracha Tiger Zoo បានបដិសេធរបាយការណ៍ដែលថា ខ្លួននឹងបិទទ្វារសួនសត្វរបស់ខ្លួនដែលបានបើកបម្រើការអស់រយៈពេល ២៤ ឆ្នាំមកនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost