ក្រោយចាកចេញពីទីផ្សារស្មាតហ្វូន ក្រុមហ៊ុន LG ងាកមករករោងចក្រផលិតអាគុយឡានអគ្គិសនីវិញម្ដង
អាជីវកម្ម May 28, 2021 Khmernote

ក្រោយបញ្ឈប់ការផលិតស្មាតហ្វូន ក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង បានសហការគ្នាជាមួយក្រុមហ៊ុនសាជីវកម្មថាមពលថ្មឥណ្ឌូនេស៊ី (IBC) ក្នុងការបង្កើតរោងចក្រផលិតអាគុយអគ្គិសនី (EV battery) ថ្មីមួយ ដែលមានតម្លៃប្រមាណ ១.២ ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្រ្តីក្រសួងវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia បាននិយាយនៅថ្ងៃទី ២៤ ខែឧសភាថា រោងចក្រនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនីដ៏ធំជាង ៩.៨ ពាន់លានដុល្លា ររវាងក្រុមហ៊ុន LG និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។

លោកបានបន្ថែមថា រោងចក្រនេះ នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Bekasi នៅភាគខាងកើតនៃរដ្ឋធានី Jakarta។ ទោះបីជាយ៉ាងណាក្ដី លោករដ្ឋមន្រ្តី មិនបានបញ្ជាក់ពីពេលវេលាកំណត់ទេ ប៉ុន្តែបាននិយាយថារោងចក្រនេះនឹងត្រូវសាងសង់នាពេលខាងមុខនេះ ហើយក្នុងដំណាក់កាលដំបូង រោងចក្រនេះនឹងមានសមត្ថភាពផលិត ១០ ជីហ្កាវ៉ាត់ ដែលក្រោយមកនឹងត្រូវប្រើសម្រាប់រថយន្តអគ្គិសនី ពីក្រុមហ៊ុន Hyundai។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង LG បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារស្មាតហ្វូន និងបានប្រកាសលក់រោងចក្រដ៏ធំបំផុតរបស់ខ្លួន នៅទីក្រុង Hai Phong ប្រទេសវៀតណាម ដើម្បីបញ្ឈប់ការផលិតនិងលក់ទូរស័ព្ទចល័ត ដែលគ្មានទីផ្សាររបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus