ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស” អាឡូវេរ៉ា” គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ផ្នែកឱសថបុរាណ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសិរីរាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណ:ដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់គួរសម។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករប្រកបរបរដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប រកប្រាក់ចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ។ ម្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើអ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិងាយស្រួលដាំ មិនថាមនុស្សវ័យចំណាស់ ឬមនុស្សពេញវ័យនោះទេ ពោលកសិករ ឬ ប្រជាពលរដ្ឋអាចប្រកបរបរនេះបានទាំងអស់ អោយតែមានមានដីជីវជាតិល្អ។ ក្នុងរយ:ពេល៥ឆ្នាំមកនេះ រូបគាត់បានដាំដើមប្រទាលកន្ទុយក្រពើ ៥ពាន់ដើម ដែលមកដល់បច្ចុប្បន្ននេះ អ្នកស្រី អាចរកចំណូលពីការលក់ដើមប្រទាលកន្ទុយក្រពើបានប្រមាណ ៣ពាន់ដុល្លាក្នុងមួយខែ ។ អ្នកស្រីបានបន្ថែមទៀតថា ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលពូជធំ យកពីប្រទេសជប៉ុន ដោយមានទីផ្សារខ្ពស់គួរអោយកត់សំគាល់ក្នុងអំឡុងជំងឺកូវីដ-១៩។ ចំពោះការដាំកូនរបស់វាអាចប្រើពេលតែមួយឆ្នាំ ឬជាងមួយឆ្នាំ នឹងទទួលបានផល ដោយប្រើជីធម្មជាតិ មិនប្រើជីគីមីឡើយ។

អ្នកស្រី ទូច ស្រីរ័ត្ន បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកស្រីបានលក់ប្រទាលកន្ទុយក្រពើនេះ ដោយកាត់ជាធាង មួយគីឡូ៥ពាន់រៀល និងលក់កូន ក្នុង ១ដើមតម្លៃ១ដុល្លារ ឬ៤ពាន់រៀល ហើយដើមដាំក្នុងផើង ឬធុងស្រាប់២០ដុល្លាឡើងទៅ តាមប្រភេទដើមមានកូនច្រើន ឬតិច។ ប្រទាល់កន្ទុយក្រពើនេះ ភាគច្រើនគេយកទៅប្រើប្រាស់ជាគ្រឿងសំអាង, ភេសជ្ជ: ឬធ្វើជាឱសថផ្សេងៗ សម្រាប់ព្យាបាលជំងឺជាដើម។

អ្នកស្រីបានបន្ថែមថា គាត់បានបង្កើជាកសិដ្ឋានដាំប្រទាលកន្ទុយក្រពើនេះមានរយ:ពេល៥ឆ្នាំមកហើយ ដែលដំបូងឡើងអ្នកស្រីយកប្រទាលកន្ទុយក្រពើនេះ មកពីប្រទេសជប៉ុន ដើម្បីធ្វើជាឱសថព្យាបាលជំងឺរបស់អ្នកស្រីទេ ប៉ុន្ដែដោយសារមានជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រីក៏សម្រេចចិត្ដដាំធ្វើជាមុខរបរតែម្ដង។ អ្នកស្រីថា ប្រទាលកន្ទុយក្រពើងាយស្រួលដាំបំផុតអោយតែដីមានជីវជាតិជាប្រភេទដីល្បាយមិនដក់ទឹក។ មកដល់ពេលនេះមានក្រុមហ៊ុននៅក្រៅប្រទេស បញ្ជាទិញជាច្រើនតោនក្នុងមួយខែៗ ប៉ុន្ដែមិនទាន់មានលទ្ធភាពដាំដុះអោយគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ដោយអ្នកស្រី កំពុងចងក្រងជាសមាជិក អ្នកដាំដើមប្រទាលនេះអោយបានច្រើននាក់ ក្នុងនោះអ្នកស្រីមានគម្រោងដាំជាច្រើនហិកតាបន្ថែមទៀតផងដែរ ដើម្បីផ្គត់ផ្គង់ទៅក្រៅប្រទេស៕






ប្រភព៖ ក្រសួងព័ត៌មាន


