ក្រុមហ៊ុន Aeon Mall Co, ពន្យារពេលសាងសង់ផ្សារទំនើបមានជាន់លក់រាយធំបំផុតនៅមីយ៉ាន់ម៉ា
អាជីវកម្ម May 21, 2021 Khmernote

សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅនេះ បានចុះផ្សាយថា ថា Aeon Mall Co, ដែលជាអ្នកអភិវឌ្ឍន៍ផ្សារទំនើបក្រោមការលក់រាយធំរបស់ជប៉ុន Aeon Co បានពន្យារពេលសាងសង់ផ្សារទំនើបមួយដែលគ្រោង នឹងធ្វើនៅក្នុងទីក្រុង យ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នេះ យោងតាមការបង្ហើបពីប្រភពដែលដឹងច្បាស់ពីគម្រោងនេះ។

ប្រភពដដែលបានបន្តថា អ្នកអភិវឌ្ឍផ្សារទំនើបបានទន្ទឹងរង់ចាំរដូវក្តៅនេះ ដើម្បីចាប់ផ្តើមសាងសង់ ប៉ុន្តែភាពមិនប្រាកដប្រជាបានកើតឡើងចំពោះគម្រោងនេះ បន្ទាប់ពីមានរដ្ឋប្រហារកាលពីខែកុម្ភៈនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលដែលក្រុមហ៊ុនមិនមានគោលដៅថ្មីត្រូវបានផ្ដល់ឱ្យសម្រាប់ការសាងសង់ឡើយ។

ប្រភពបានបន្ថែមថា ខណៈពេលដែលក្រុមហ៊ុនជប៉ុនមិនពិចារណាដកខ្លួនចេញពីគម្រោង ក្រុមហ៊ុននឹងតម្រូវឱ្យធ្វើការកែប្រែផ្នែកខ្លះទៅនឹងផែនការរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងនិន្នាការអ្នកប្រើប្រាស់ និងលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងប្រទេស។ គួររម្លឹកថា ក្រុមហ៊ុន Aeon Mall បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកមួយដែលមានគម្រោងបើកផ្សារទំនើបមួយដែលមានជាន់លក់រាយធំបំផុតនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost