យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែឧសភា នេះបានឱ្យដឹងថា កសិកមួយចំនួនក្នុងខេត្តសៀមរាបបានងាកមកដាំដំណាំម្ទេស ព្រោះវាមានភាពងាយស្រួលដាំ ហើយមានតម្រូវការទីផ្សារខ្ពស់ ដែលអាចរកចំណូលបានជាង ០៧លានរៀលក្នុងមួយខែក្នុងទំហំផ្ទៃដីជាង ២ពាន់ម៉ែត្រក្រឡា។
ម្ទេស គឺជាគ្រឿងទេសមួយមុខ សម្រាប់ប្រើប្រាស់ជាម្ហូបអាហារដើម្បីបង្កើនឱជារសរបស់ម្ហូបអាហារទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទទួលទាន។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ ដែលអាចកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស ឬបរិភោគស្រស់ជាមួយម្ហូប។ដោយសារតែម្ទេសជាគ្រឿងផ្សំជាមួយម្ហូបអាហារឱ្យមានឱជារសឆ្ងាញ់ពិសាមិនអាចខ្វះបានរបស់ប្រជាជាពលរដ្ឋ ហើយមានតម្លៃទីផ្សារល្អផង នោះ ទើបបច្ចុប្បន្នកសិករមួយចំនួនងាកមកចាប់មុខរបរដាំដំណាំម្ទេសលក់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

លោកដែន ហៀរ អាយុ៣៨ឆ្នាំ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្តើមមុខរបរដាំបន្លែសុវត្ថិភាពរយៈពេលជាង ៥ឆ្នាំមកហើយ ដោយមានដាំបន្លែជាច្រើនប្រភេទ ទៅតាមតម្រូវការទីផ្សារ តែបច្ចុប្បន្ន លោកកំពុងប្រមូលផលម្ទេសដៃនាង ក្រោមទំហំផ្ទៃដីដាំដុះប្រមាណ ២០០០ម៉ែត្រការ៉េ និងគ្រោងដាំបន្តប្រមាណមួយហិកតាទៀត ដើម្បីលក់ជូនអតិថិជន។ លោកបន្តថា ម្ទេសដែលកំពុងប្រមូលផលលក់រាល់ថ្ងៃមានតម្លៃ ២៥០០រៀលក្នុងមួយគីឡូក្រាម និងអាចបេះលក់បោះឱ្យម៉ូយ បានប្រមាណ១០០គីឡូក្រាម ជារៀងរាល់ថ្ងៃ។

លោកបន្តថា ម្ទេសជាដំណាំមួយប្រភេទ ដែលនិយមដាំដុះ តែក៏មានបញ្ហាប្រឈមខ្លះដែរក្នុងការដាំដុះ បើសិនជាមិនមានការថែទាំ ត្រឹមត្រូវនោះទេ អាចជួបប្រទះជំងឺ និងរលួយគល់ជាដើម។

ម្ទេសដៃនាងម្ទេសហិលហ្នឹង មួយគីឡូ២៥០០រៀល លក់បានត្រឹម១ថ្ងៃ១០០គីឡូក្រាមទេ មានតែម៉ូយក្នុងខេត្តយើងហ្នឹង ប៉ុន្តែឥឡូវជិតអស់ ប្រហែល១០ថ្ងៃទៀតទើបបាន បេះបន្ត ម្ទេសកំពុងបេះលើផ្ទៃដី២០០០ម៉ែត្រការរ៉េ និងកំពុងដាំ១ហិកតា វាអត់ទៀងទេ អាស្រ័យលើការថែទាំ បើថែទាំបានល្អ៣ខែបានបេះ បើមិនសូវ ល្អ៣ខែកន្លះ ម្ទេសងាយស្រួល សម្រាប់អ្នកចេះដាំ ខ្ញុំឃើញអ្នកភូមិដាំមិនដែលបានលក់ទេដាំមករលួសអស់ ម្ទេសវាមានជំងឺច្រើន ប៉ុន្តែយើងដឹងពីរបៀបការពារពីដំបូងបានហើយ ដល់ពេលធំទៅអត់ងាយកើតទៀតទេ សំខាន់យើងបាញ់ថ្នាំការពារគ្រប់ចំនួនអត់អីទេ។
សូមបញ្ជាក់ ដំណាំម្ទេសត្រូវបានកសិករនិយមចូលចិត្តដាំដុះគ្រប់រដូវកាល ដោយសារតែម្ទេស មានភាពងាយស្រួល ក្នុងការដាំ ព្រមទាំងងាយស្រួលក្នុងការលក់នៅលើទីផ្សារ៕

ប្រភព៖ ក្រសួងព័ត៌មាន


