ច្បាស់ការហើយ! 7-Eleven នឹងមានវត្តមាននៅកម្ពុជា ហើយនឹងបើកដំណើរការក្នុងពេលឆាប់ៗនៅលើទឹកដីនៃខណ្ឌមួយនេះ
អាជីវកម្ម May 3, 2021 Khmernote

បន្ទាប់ពីបានលេចតម្រុយពីការបើកហាង 7-Eleven ដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅ មុននេះបន្តិចយោងតាមផេកហេ្វសប៊ុក Job CP ALL Cambodia បានបង្ហោះប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់បម្រើការងារនៅក្នុងហាង 7-Eleven ដែលមានទីតាំង​ស្ថិតនៅ PTT Gas Station សាខា ព្រែកព្នៅ។

(រូបតំណាង)

យោងតាមការបង្ហោះជ្រើសរើសបុគ្គលិកនេះដែរ បានបង្ហាញថា 7-Eleven ដំបូងគេបង្អស់នឹងបើកដំណើរការនៅទីតាំងខាងលើ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗនេះទៀតផង។ ជាមួយគ្នានេះដែរ Job CP ALL Cambodia បានប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់តំណែងដូចជា៖ អ្នកគ្រប់គ្រងហាង ,ជំនួយការអ្នកគ្រប់គ្រងហាង , បុគ្គលិកប្រចាំហាង ដែលមានទីតាំង៖ PTT Gas Station សាខា ព្រែកព្នៅ (វេនធ្វើការ៖ ព្រឹក ថ្ងៃ យប់)។

លើសពីនេះ Job CP ALL Cambodia តម្រូវឲ្យបេក្ខភាពមានលក្ខណះសម្បត្តិដូចជា៖ ត្រូវមានអាយុចាប់ពី 18-35 ឆ្នាំ, មានសញ្ជាតិខ្មែរ, កម្រិតវប្បធម៌ ចាប់ពី មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឡើងទៅ, មានចំណង់ចំណូល និងស្រឡាញ់ក្នុងការងារសេវាកម្ម ,មានសុខភាពមាំមួន។

(រូបតំណាង)

សូមបញ្ជាក់ផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយនឹងបើកដំណើរការហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសន្យា (កុងត្រា) បង្កើត និងប្រតិបត្តិការរយៈពេល ៣០ឆ្នាំ ហើយអាចបន្តកុងត្រា ២លើកទៀត។

ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំដដែល ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុកនៃហាងលក់ទំនិញ 7-Eleven បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវវិញ ដោយសារការរាតត្បាតវីរុសកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមានទាំងប្រទេសកម្ពុជា និងឡាវ៕

អត្ថបទ៖ លីនី