សោកស្ដាយណាស់! អាជីវកម្មតូច-ធំ និងចាស់វស្សា ជាង ១ពាន់អាជីវកម្មនៅជប៉ុន ត្រូវបានយក្ស័យធនដោយសារកូវីដ-១៩
អាជីវកម្ម April 13, 2021 Khmernote

យោងតាមក្រុមហ៊ុនស្រាវជ្រាវឥណទានបានឲ្យដឹងថា អាជីវកម្មជាង ១៣០០ នៅក្នុងប្រទេសជប៉ុន បានក្ស័យធនចាប់តាំងពីខែកុម្ភះឆ្នាំមុនមក ដោយសារតែការរីករាលដាលនៃជំងឺ Covid-19។ Teikoku Databaseank បានបង្ហាញថា បូកសរុបចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន មកត្រឹមថ្ងៃច័ន្ទ ចំនួនអាជីវកម្មក្ស័យធនមានចំនួនសរុប ១,៣០១ ដោយតួលេខនេះរួមបញ្ចូលទាំងក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំក្ស័យធន ឬ ផ្អាកប្រតិបត្តិការដើម្បីចាប់ផ្តើមនីតិវិធីនៃការទូទាត់សំណងស្របច្បាប់។

ប្រភពដដែលបានបន្តថា ក្នុងចំណោមអាជីវកម្មក្ស័យធនជាង ១ពាន់នោះ បារ និងភោជនីយដ្ឋាន ស្ថិតនៅលើគេក្នុងបញ្ជីឧស្សាហកម្មក្ស័យធនដែលមាន ២១៨ ករណី បន្ទាប់មកក្រុមហ៊ុនសំណង់ចំនួន ១១៧ សណ្ឋាគារនិងផ្ទះសំណាក់នៅ ៨៧ ។ ចំនួនទាំងនេះបានកើនឡើងចាប់តាំងពីរលកនៃករណីទីបីបានកើតឡើងកាលពីចុងឆ្នាំមុន។

Teikoku Databank បានបញ្ជាក់ផងដែរថា ចំនួនក្រុមហ៊ុនកាន់តែច្រើនបានជ្រើសរើសការក្ស័យធន ព្រោះពួកគេគ្មានក្តីសង្ឃឹមក្នុងការធ្វើជំនួញឡើងវិញទេ។ ស្របពេលជាមួយគ្នានោះ មនុស្សជាច្រើនបាននិយាយថា ពួកគេមិនអាចបន្តក្នុងអាជីវកម្មដោយពឹងផ្អែកតែលើជំនួយសាធារណៈទេ។

យ៉ាងណាមិញចំពោះបញ្ហានេះ ក្រុមហ៊ុនស្រាវជ្រាវមានការព្រួយបារម្ភអំពីការកើនឡើងនៃការក្ស័យធនបន្ថែមទៀតនៅក្នុងអាជីវកម្មបារនិងភោជនីយដ្ឋាន ព្រោះពួកគេត្រូវបានគេស្នើសុំឱ្យកាត់បន្ថយម៉ោងក្រោមវិធានដ៏តឹងរឹងដែលត្រូវបានអនុម័តថ្មីៗនេះ ដើម្បីទប់ស្កាតនឹងមេរោគ Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ nhk