អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរ ខណៈករណីកូវីដថ្មីមានជិត ១ពាន់នាក់ក្នុងមួយថ្ងៃ
អាជីវកម្ម April 12, 2021 Khmernote

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍មិនឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរនៅលើយន្តហោះ ដែលហោះហើរតាមយន្តហោះក្នុងស្រុក លើកលែងតែករណីបន្ទាន់ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៣ ខែមេសា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានរលកថ្មីមួយ ត្រូវបានគេរាយការណ៍នៅទីក្រុងបាងកកកាលពីដើមខែនេះ ដែលបានរីករាលដាលយ៉ាងឆាប់រហ័សទៅដល់ខេត្តមួយចំនួនទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ក្រៅពីការបម្រើអាហារលើយន្តហោះ (CAAT) ក៏បានហាមឃាត់ការចែកចាយកាសែត ទស្សនាវដ្តី ឬ ខិត្តប័ណ្ណណាមួយដល់អ្នកដំណើរនៅលើជើងហោះហើរ លើកលែងតែឯកសារដែលទាក់ទងនឹងសុវត្ថិភាព ដើម្បីកាត់បន្ថយអ្នកដំណើរដែលប៉ះលើផ្ទៃដែលអាចរាលដាលមេរោគ។ លើសពីនេះការលក់វត្ថុអនុស្សាវរីយ៍ ឬ ទំនិញគ្មានពន្ធ ក្នុងពេលហោះហើរក៏ត្រូវហាមឃាត់ផងដែរ។

ជាងនេះទៅទៀតនោះ វិធានការណ៍ផ្សេងទៀតដែលក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តរួមមាន ការតំឡើងម៉ាស៊ីនស្កែនកំដៅ សម្រាប់អ្នកដំណើរនិងបុគ្គលិក ការអនុវត្តន៍ការពាក់ម៉ាស់គ្រប់ពេលវេលានៅលើយន្តហោះ លើកលែងតែករណីបន្ទាន់ និងការរក្សាគម្លាត។

ទន្ទឹម​នឹងនេះសម្រាប់ជើងហោះហើរដែលមានរយៈពេលយូរជាង ៩០ នាទី ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែបម្រុងទុកកន្លែងអង្គុយចំនួនពីរជួរចុងក្រោយនៅខាងក្រោយដើម្បីទុកដាក់អ្នកដំណើរសង្ស័យថាបានឆ្លងមេរោគឲ្យនៅដាច់ពីគេ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៩៨៥នាក់ ហើយចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសថៃបានកត់ត្រាវត្តមាននៃជំងឺ COVID-19 កាលពីឆ្នាំមុន ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣៣,៦១០ ករណី៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand