យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឲ្យដឹងថា ក្រុមហ៊ុន SpaceX ដែលកាន់កាប់ដោយមហាសេដ្ឋីអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី២ លើពិភពលោក គឺលោក Elon Musk បានប្រកាសថា ផ្កាយរណប (Starlink) ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង beta របស់ខ្លួន ដែលនឹងត្រូវដាក់លក់នៅប្រទេសវៀតណាមនៅឆ្នាំក្រោយ ហើយអតិថិជនអាចបញ្ជាទិញបានក្នុងតម្លៃ ៩៩ ដុល្លារ។
ទោះយ៉ាងណា ក្រុមហ៊ុនទូរគមនាគមន៍ និងអ៉ឺនធឺណេតដែលវិនិយោគនៅវៀតណាម ដែលអាចស្ថិតនៅក្នុងបញ្ជីអាជីវកម្មត្រូវគោរពតាមលក្ខខណ្ឌ ដែលតម្រូវឱ្យសហគ្រាសបរទេសធ្វើជាដៃគូជាមួយសហគ្រាសវៀតណាម ដែលទទួលបានសិទ្ធិផ្តល់សេវាកម្មទូរគមនាគមន៍ ឬ បង្កើតការបណ្តាក់ទុនរួមគ្នា។ យោងតាមនាយកដ្ឋានទូរគមនាគមន៍ សហគ្រាសបរទេស មិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាកម្មអ៉ីនធឺណេត និងទូរគមនាគមន៍នៅប្រទេសវៀតណាមដោយឯករាជ្យឡើយ។

នាយកដ្ឋានទូរគមនាគមន៍បានប្រាប់ VnExpress ថា ក្រុមហ៊ុនមិនទាន់បានដាក់ពាក្យសុំបើកដំណើរការសេវាកម្មនៅប្រទេសវៀតណាមនៅឡើយទេ។ នាយកដ្ឋាននេះបានបន្ថែមទៀតថា អតិថិជនគួរតែពិចារណាដោយប្រុងប្រយ័ត្នមុនពេលធ្វើការបញ្ជាទិញជាមុន ដោយគួរគិតថា ” តើវាប្រាកដទេ ដែល Starlink អាចផ្តល់សេវាកម្មអ៉ីនធឺណេតតាមផ្កាយរណបនៅក្នុងប្រទេសវៀតណាមបាន”៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress


