ដោយសាររឿងមួយនេះ ផ្សារដ៏ល្បីរបស់ប្រទេសថៃ នៅតែមិនអាចបើកដំណើរការពេញលេញដូចផែនការគ្រោងទុកនៅពាក់កណ្ដាលខែនេះ
អាជីវកម្ម April 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation Thailand បានឱ្យដឹងថា ផែនការដើម្បីបន្ធូរបន្ថយការរឹតបន្តឹងនៅផ្សារដ៏ល្បី Chatuchak នៅពាក់កណ្ដាលខែមេសា ខាងមុនេះ ត្រូវបានពន្យារពេល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ Covid-19 នៅទីក្រុងបាងកក។ រដ្ឋបាលក្រុងបាងកកបាននិយាយថា ជាលទ្ធផលអ្នកលក់នៅ Chatuchak នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទំនិញនៅថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍ ដោយគ្មានការអនុញ្ញាតទេ។

ជាមួយគ្នានេះផែនការដែលអនុញ្ញាតឱ្យអាជីវករបើកលក់រហូតដល់ម៉ោង ១០ យប់នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ក៏ត្រូវបានផ្អាកផងដែរ ហើយការហាមឃាត់សកម្មភាពនៅតាមតំបន់ clocktower នៅតែមានដដែល។ លេខាអចិន្រ្តៃយ៍រងនៃរដ្ឋបាលក្រុងបាងកក (BMA) លោកស្រី Wallaya Wattanarat មានប្រសាសន៍ថា ចាប់តាំងពីចំនួនករណី Covid-19 បានកើនឡើងយ៉ាងឆាប់រហ័ស (BMA) ត្រូវតែពន្យាពេលចំពោះវិធានការដែលបានរៀបរាប់ខាងលើរហូតដល់ស្ថានភាពត្រូវបានដោះស្រាយ។

ទោះបីជាយ៉ាងនេះក្ដី Chatuchak នៅតែដំណើរការដូចធម្មតា ប៉ុន្តែលោកស្រីបានបន្ថែមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 អ្នកលក់រាយ និងអតិថិជនត្រូវពាក់ម៉ាស់ រក្សាគម្លាត លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ ឬ ជែលអាល់កុល ហើយប្រើកម្មវិធី ThaiChana ដើម្បី (check in)៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand