ក្រុមហ៊ុនអេឡិចត្រូនិក LG ដែលជាក្រុមហ៊ុនដ៏ល្បី និងចាស់វស្សាមួយរបស់ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងបញ្ឈប់ការធ្វើអាជីវកម្មលើទូរស័ព្ទចល័ត។ នាយកប្រតិបត្តិនៅឯក្រុមហ៊ុនដ៏ធំមួយនេះបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់អាជីវកម្មទូរស័ព្ទចល័តដែលបានធ្លាក់ចុះ នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ខណៈក្រុមហ៊ុន LG បានតស៊ូប្រកួតប្រជែងជាមួយ Apple និងគូប្រជែងក្នុងស្រុក Samsung Electronics នៅលើទីផ្សារសម្រាប់ស្មាតហ្វូនលំដាប់ខ្ពស់។
ជាមួយគ្នានេះដែរ LG ក៏កំពុងបាត់បង់នូវការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទផលិតនៅប្រទេសចិន និងអ្នកផលិតផ្សេងទៀតនៅក្នុងការប្រកួតប្រជែងនឹងម៉ូដែលថោកតម្លៃថោកៗ។ យ៉ាងណាមិញ ក្រុមហ៊ុន LG បានឲ្យដឹងថា ខ្លួននឹងផ្តោតលើវិស័យរីកចម្រើនវិញដូចជាជា AI, អេរ៉ូបូត និងគ្រឿងបន្លាស់អគ្គិសនី ។ លើសពីនេះក្រុមហ៊ុន ក៏មានគម្រោងបន្តអភិវឌ្ឍបច្ចេកវិទ្យាដែលទាក់ទងទៅនឹងការចល័តដូចជា 6G ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន LG បានចាប់ផ្តើមលក់ស្មាតហ្វូនក្នុងឆ្នាំ ១៩៩៥។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុននេះធ្លាប់បានកាន់កាប់ចំណែកធំទី៣ នៃទីផ្សារទូរស័ព្ទចល័តពិភពលោក ប៉ុន្តែការលក់របស់វាបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk.


