ស្អាតៗណាស់! អ្នកស្រុកកងមាសបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហម ដើម្បីបំពេញតម្រូវការទីផ្សារ
អាជីវកម្ម April 3, 2021 Khmernote

អ្នកស្រុកកងមាស ខេត្តកំពង់ចាមបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលបច្ចុប្បន្នកន្ទេលកក់នេះ មិនត្រឹមសម្រាប់យកទៅក្រាលដេកប៉ុណ្ណោះទេ គឺអាចយកទៅតាំងលម្អនៅក្នុងគេហដ្ឋាន ។ លោកស្រី ម៉េង ហោន រស់នៅក្នុងឃុំកងមាស ស្រុកកង មាសខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារត្បាញកន្ទេលកក់នេះ អស់រយ:ពេលជាង ១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងបច្ចុប្បន្នមានប្រជាពលរដ្ឋទិញច្រើនយកទៅប្រើប្រាស់ ។

លោកស្រីបានបន្តថា កន្ទេលកក់ គឺធ្វើឡើងពីដើមកក់ ដែលគាត់បានយកដើមកក់កាប់រួច យកមកកូដហាល សម្រិត សម្រាំងយក សសៃកក់ប៉ុនៗគ្នា ទើបយកទៅជ្រលក់ព័ណ៌ទៅតាមចំណង់ចំណូលចិត្ត មុននឹងយកមកត្បាញ ។ កន្ទេលកក់នេះ គឺជាប្រភេទកន្ទេលខ្មែរ ដែលត្បាញដោយដៃ ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទាំងមនុស្សចាស់ និងក្មេង ។

លោកស្រីបានមានប្រសាសន៍ថា៖ “កន្ទេលនឹងគេយកទៅប្រើសម្រាន្តចឹងទៅជួនកាលមានគេកម៉្មង់ខ្ញុំយកទៅដាក់តាំងក្នុងកន្លែងការងារចឹងដែលចាស់ៗខ្លះគាត់អត់ចេះសម្រាន្តពូកចឹងគាត់យកកន្ទេលនឹងទៅក្រាលសម្រាន្តទៅវាត្រជាក់និងមិនកប់សរសៃដូចពូកអីចឹងវាហប់ចឹងគាត់សម្រាន្តអានឹងវាស្រួល ខ្លួនជាង គេច្រើនប្រើប្រាស់កក់នឹងជាងកក់ជ័រ កក់ជ័រគឺក្ដៅបើកក់នេះគឺត្រជាក់វាសមរម្យក្នុងការគេងបាននិងប្រើប្រាស់បានទាំងអស់”។

លោកស្រី បានបន្ថែមថា លោកស្រីបានចាប់ផ្ដើមមុខរបរត្បាញកន្ទេលកក់ តាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយមួយថ្ងៃ ២នាក់អាចត្បាញបានចំនួន៣កន្ទេល មានតម្លៃពី៣០០០០រៀលទៅ៦០០០០រៀល ទៅតាមទំហំរបស់កន្ទេល ។ កន្ទេលកក់ក្រហមនេះមានច្រើនទម្រង់ដូចជាត្បាញក្រឡាធម្មតា និងត្បាញ ក្រឡាលើកគោម ដែលមានសោភ័ណភាពយ៉ាងស្រស់ស្អាត៕

ប្រភព៖ ក្រសួងព័ត៌មាន