ទីផ្សារម្រេចក្នុងខេត្តត្បូងឃ្មុំឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ទោះបីវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយក៏ដោយ ដោយសារមានឈ្មួញកណ្ដាលចុះទៅទិញផ្ទាល់ដល់ចម្ការ ដើម្បីយកទៅលក់នៅក្រៅប្រទេស ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តម្លៃម្រេចឆ្នាំនេះល្អជាង ឆ្នាំមុន គឺអាចលក់បានប្រមាណ១៤,០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានតែ៧០០០រៀលទៅ៨,៥០០រៀល ប៉ុណ្ណោះ។
លោកប្រធានមន្ទីរបញ្ជាក់ថា មូលហេតុដែលនាំឲ្យតម្លៃម្រេចល្អប្រសើរជាងឆ្នាំមុនអាចមកពីភោគផលម្រេចមិនគ្រប់គ្រាន់ សម្រាប់ទីផ្សារ ស្របពេលដែលចំនួនអ្នកដាំម្រេច មានការថយចុះ ព្រោះអាកាសធាតុមិនអំណោយផល បញ្ហាមិនសូវសម្បូរទឹក សម្រាប់ស្រោចស្រពដំណាំម្រេចនោះឡើយ ។ លោកបានបន្តទៀតថា ទម្រាំទទួលបានទិន្នផលម្រេចលក់លើទីផ្សារ កសិករនីមួយៗ ត្រូវចំណាយទាំងពេលវេលា កម្លាំងពលកម្ម និងការមើលថែ។

លោកបានបន្ថែមទៀតថា កន្លងមកបញ្ហាអាកាសធាតុប្រែប្រួលបានធ្វើឲ្យ អ្នកដាំម្រេចមួយចំនួន បោះបង់ចោល ហើយងាកទៅ ប្រកបរបរការងារផ្សេងវិញ។ ម៉្យាងវិញទៀត កសិករអាចនឹងបង្ខំចិត្តប្រមូលផលមុនផ្លែម្រេចទុំ ជាហេតុធ្វើឱ្យម្រេចមិនសូវមានគុណភាព។ សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានប្រជាកសិករដាំម្រេចចំនួន ១,៩៩០ហិកតា ដែលក្នុង ១ហិកតា ទទួលបានទិន្នផលជិត ៤តោន៕

ប្រភព៖ ក្រសួងព័ត៌មាន


