សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ព្រួយបារម្ភពីបញ្ហាអ្នកឡើងត្នោត ខណៈបច្ចុប្បន្នពួកគាត់មានវ័យចាស់ៗអស់ហើយ ស្របពេលការបញ្ជាទិញស្ករមានការកើនឡើង
អាជីវកម្ម March 30, 2021 Khmernote

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ព្រួយបារម្ភពីបញ្ហាអ្នកឡើងត្នោត ខណៈបច្ចុប្បន្នពួកគាត់មានវ័យចាស់ៗ អស់ហើយ ស្របពេលដែលការបញ្ជាទិញស្ករក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតក្នុងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្នសមាគម មានសមាជិកចំនួន ១៥០គ្រួសារ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដើម្បីផលិតស្ករត្នោត តាមការបញ្ជាទិញរបស់អតិថិជន ដែលក្នុងឆ្នាំ២០២១ នេះ មានការបញ្ជាទិញពីក្រុមហ៊ុននាំចេញទៅក្រៅប្រទេសប្រមាណ ២០០តោន ។

លោកបន្តថា ផលិតផលស្ករត្នោតខេត្តកំពង់ស្ពឺ គឺតម្រូវឱ្យជ្រើសរើសតែដើមត្នោតដែលដុះនៅលើដីទួល ដោយមិនជ្រើសរើស យកដើមត្នោតដុះនៅលើវាលស្រែនោះឡើយ ដោយសារដើមត្នោតនៅតាមវាលស្រែ គឺបានស្រូបយកសារធាតុគីមី ដែលប្រជាកសិករ បានប្រើប្រាស់លើដំណាំស្រូវ ដែលធ្វើឲ្យស្ករត្នោត មិនមែនជាស្ករត្នោតសរីរាង្គ ។

លោកបន្តទៀតថា ទៅថ្ងៃអនាគតស្ករត្នោតខេត្តកំពង់ស្ពឺ អាចនឹងជួបបញ្ហាប្រឈមមួយចំនួន ខណៈដែលបច្ចុប្បន្ននេះ សមាជិកអ្នកឡើងត្នោត មានវ័យចំណាស់អស់ហើយៗអ្នកជំនាន់ក្រោយភាគច្រើនមិនសូវមានចំណូលចិត្តខាងឡើងត្នោតនេះទេ។ ដូច្នេះហើយ នៅមានតែអ្នកស្គាល់ពីប្រវត្តិឡើងត្នោតទេ ទើបគាត់នៅតែបន្តខិតខំតស៊ូឡើងត្នោត ដើម្បីផលិតទៅតាមស្តង់ដារស្ករត្នោត សរីរាង្គ ។

សូមបញ្ជាក់ថា ស្ករត្នោតក្នុងសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានតម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម ដែលក្នុងមួយរដូវគ្រួសារនីមួយៗ អាចផលិតស្ករ បានជាង ៣តោន អាចរកប្រាក់ចំណូលបានប្រមាណ ៥០០០ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារ ឲ្យមានជីវភាពល្អប្រសើរ ៕

ប្រភព៖ ក្រសួងព័ត៌មាន