ក្រុមហ៊ុនផលិតរថយន្តចិន កំពុងត្រៀមផលិតរថយន្តអគ្គិសនីនៅថៃ ក្រោយជ្រើសរើសប្រទេសនេះបង្កើតមជ្ឈមណ្ឌលផលិតថយន្តអគ្គិសនី ដើម្បីលក់នៅទូទាំងអាស៊ីអាគ្នេយ៍
អាជីវកម្ម March 24, 2021 Khmernote

ក្រុមហ៊ុនរថយន្តចិនមួយគ្រោងនឹងបង្កើតទីផ្សារនៅថៃ ប៉ុន្តែជាទីផ្សារដែលត្រួតត្រាដោយក្រុមហ៊ុនផលិតរបស់ជប៉ុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ក្រុមហ៊ុន Great Wall Motor បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះថា “Ora Good Cat,” នៅពិព័រណ៍រថយន្តអន្តរជាតិ ក្នុងក្រុងបាងកក។

Great Wall Motor បានអះអាងថា រថយន្តអគ្គិសនីដ៏តូចរបស់ខ្លួន អាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រដោយធ្វើការសាកថ្មតែមួយដង។ ខណៈរដ្ឋាភិបាលថៃ កំពុងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តបង្កើតយានយន្តដែលមិនបំពុលបរិយាកាសនៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Great Wall បានទិញរោងចក្រមួយនៅប្រទេសថៃពីក្រុមហ៊ុន General Motors របស់អាមេរិក។ ប៉ុន្តែមានតែរថយន្តអគ្គិសនីប្រហែល ១,០០០ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់ក្នុងស្រុកកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ ប្រទេសថៃ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានក្រុមហ៊ុនជាង ៣០ មកពីប្រទេសជប៉ុន អឺរ៉ុប អាមេរិក និងចិនកំពុងដាក់បង្ហាញផលិតផលរបស់ពួកគេនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk