មិនធម្មតា! កសិករខេត្តសៀមរាប អាចរកចំណូលបានជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមកន្ធាយ
អាជីវកម្ម March 16, 2021 Khmernote

កសិករនៅខេត្តសៀមរាប អាចរកចំណូលបានជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីមុខរបរចិញ្ចឹមកន្ធាយ ខណៈដែល​សត្វប្រភេទ​នេះមានតម្រូវការខ្ពស់ទាំងក្នុងទីផ្សារ និងភោជនីយដ្ឋាននានា ។ លោកម៉ៃ សំអូន រស់នៅភូមិប្រាសាទ ឃុំសំរ៉ោងយា ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វកន្ធាយរយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះអាច​រកប្រាក់ចំណូល​ច្រើនគួរសម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយលក់បានក្នុងតម្លៃមួយគីឡូក្រាមជាមធ្យម១២ដុល្លារ ដូច្នេះក្នុងមួយឆ្នាំ​លោកអាចរកប្រាក់ចំណូលបានជិត១ម៉ឺនដុល្លារពីមុខរបរនេះ។

លោកបន្តថា កន្ធាយជាសត្វមួយប្រភេទដែលត្រូវចំណាយពេលយូរ ក្នុងការចិញ្ចឹមថែទាំទើបអាចទទួលបានផលមកវិញ ហើយ​ការថែ​ទាំទៀតសោត កសិករត្រូវដឹងពីកត្តាសំខាន់ៗមួយចំនួនដូចជា ទីធ្លាធំទូលាយ ស្ងប់ស្ងាត់ងាយស្រួលស​ម្រាប់​កន្ធាយ​រស់​នៅ បរិស្ថាននៅជុំវិញស្អាតជាប្រចាំ ជាពិសេសគឺបញ្ហាទឹកនិងការឱ្យចំណីតែម្តង។

លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ តែការលក់ចេញសត្វ​កន្ធាយទៅកាន់ទីផ្សារ ហាក់មិនសូវជួបបញ្ហាប្រឈមប៉ុន្មានឡើយ ព្រោះការលក់ចេញសម្រាប់អតិថិជន និងតាមអាហារដ្ឋាន​ក្នុង​ស្រុកប៉ុណ្ណោះ។

លោកបានឱ្យដឹងបន្ថែមទៀតថា បើយើងមើលទៅឃើញអ្នកចិញ្ចឹមមុន គេផ្លាស់ប្តូរជីវភាពរបស់គេ ដំបូងខ្ញុំចិញ្ចឹម១៧០០០​ក្បាល បច្ចុប្បន្នមានប្រហែល ៨០០០ក្បាល ចំណេញប្រហែលពី ១៥ ទៅ ២០ភាគរយអី។ ចំណូលសរុបឆ្នាំទី១ ដែលយើង​ចិញ្ចឹមមិនសូវច្រើនទេ ចំណេញបានប្រហែលពី ៣ទៅ ៤ពាន់ដុល្លារទេ ឆ្នាំទី២ ខ្ញុំដាក់ច្រើនគ្រាន់​ប្រហែល ​៤ពាន់ក្បាល វា​បាន​ជិត ១ម៉ឺនដុល្លារ ជាមធ្យមលក់បាន ១២ដុល្លារ ក្នុង១គីឡូ ។ ការចិញ្ចឹម បើយើងថែទាំឱ្យត្រូវតាម​បែបជីវសាស្ត្រវា មួយឆ្នាំបាន​ ១គីឡូ ឬ ១គីឡូ២ខាំ បើមិនសូវប៉ិនស៊ីចំណីអីអាចបាន ៨ ទៅ ៩ខាំអីដែរ ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វារីវប្បកម្មថា បានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់នូវការទទួលបានស្បៀង លទ្ធ​ភាព​មានស្បៀង និងការប្រើប្រាស់ស្បៀងដើម្បីបង្កើននូវអាហារូបត្ថម្ភ បង្កើនឱកាសការងារ និងប្រាក់ចំណូល ក្នុងចំណោ​មសមាជិកសហគមន៍នេសាទ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន