កសិករក្នុងខេត្តសៀមរាប រកចំណូលបានជាង ២លានរៀលក្នុង១ខែ ពីការច្នៃស្រកីដូងទៅផលិតជាជីកំប៉ុស្ត ដែលជួយធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់គាត់កាន់តែប្រសើរឡើង។ លោក ឡុង គាន កសិករនៅភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីមានការជំរុញ ពីគម្រោងអភិវឌ្ឍន៍កសិកម្មនៅក្នុងស្រុក ដោយបានជួយទិញម៉ាស៊ីនកិនស្រកីដូងទៅជាជីកំប៉ុស្ត និង ជួយរកទីផ្សារ បានធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង។
លោកបញ្ជាក់ថា ក្នុងមួយខែ លោកអាចផលិតបានជីកំប៉ុស្ត ទាំងលក់រាយនិងបោះដុំ ចន្លោះពី២០០ទៅ៣០០ការ៉ុងតូច ហើយក្នុងមួយការ៉ុងលក់បានពី៨ពាន់ទៅ១ម៉ឺនរៀល ដោយសរុបទំាងអស់ លោករកចំណូល បានជាង២លានរៀន។

« ពីមុនគឺគាត់ទិញជីកំប៉ុស្តពីប្រទេសថៃ ហើយឃើញគេលាយជាមួយស្រកីដូង ដូចនេះខ្ញុំបានពិភាក្សាជាមួយអង្គការ ថាប្រសិនជាយើងច្នៃឱ្យដូចគេគឺប្រហែលជាធ្វើបាន ដូចនេះអង្គការបានទៅទិញសម្ភារមកយកឱ្យខ្ញុំធ្វើ។ ហើយខ្ញុំកែច្នៃយកស្រកីដូងនេះធ្វើជាជីកំប៉ុស្តបានជាង១ឆ្នាំមកហើយ ហើយក្នុងមួយខែយើងកិនបានចន្លោះ ពី២០០ទៅ ៣០០ការ៉ុង ប៉ុន្តែប្រសិនជាសម្ភារយើងមានច្រើន គឺក្នុងមួយខែបានរាប់ពាន់ការ៉ុង ច្រើនជាងហ្នឹងទៀត។ ហើយនេះគ្រាន់តែមានការកែច្នៃជាលក្ខណៈតូចសិន ហើយការធ្វើជីកំប៉ុស្តនេះគឺមាន កិនស្រកីដូងលាមកគោ ផេះអង្កាម លាយបញ្ចូលគ្នាជាមួយថ្នាំសម្លាប់រោគផ្សិត ដែលធ្វើឱ្យដំណាំកាន់តែលូតលាស់បានល្អ»។

សូមបញ្ជាក់ថា ជីកំប៉ុស្តដើរតួជាជំរកធម្មជាតិសម្រាប់ជីវតូចៗដែលអាចជួយឱ្យរុក្ខជាតិលូតលាស់បាន នៅពេលដែលលោកអ្នកលាយ ជីកំប៉ុស្ត ជាមួយដីដែលខូចគុណភាព នោះវាធ្វើឱ្យដីមានគុណភាពប្រសើរឡើងវិញ ហើយនិងកាត់បន្ថយការហូរច្រោះដី៕

ប្រភព៖ ក្រសួងព័ត៌មាន


