ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់សញ្ញា “ផលិតផលកម្ពុជាមានគុណភាព”
អាជីវកម្ម February 9, 2021 Khmernote

ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលវិទ្យុជាតិកម្ពុជា បានទទួលឱ្យដឹងថា ក្រសួងបានចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណង ជ្រៀតចូលទីផ្សារទំនើប, ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងអតិថិជន។

ប្រភពដដែលបន្តថា ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដូច្នេះម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ ដើម្បីក្រសួងពិនិត្យ សម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់ មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារទំនើប ដើម្បីបម្រើ សេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់។ សូមបញ្ជាក់ថា ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៨៧៨ ៣៥៦ ៕